ក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) (Peace Petroleum Cambodia) ដែលមាន លោក ទៀ ស្យាម និងអ្នកឧកញ៉ា ទៀ វិចិត្រ ជាសហស្ថាបនិក កាលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រកាសបញ្ចប់កិច្ចសន្យាជាមួយម៉ាត 7-Eleven នៅក្នុងស្ថានីយប្រេងឥន្ធនៈ និងកំពុងសិក្សាសហការជាមួយក្រុមហ៊ុនម៉ាតថ្មីមកជំនួសវិញ។

តាមរយៈទំព័រហ្វេសប៊ុក ក្រុមហ៊ុនបានចេញសេចក្តីជូនដំណឹងថា ក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) សូមជម្រាបជូនដល់សាធារណជនអោយបានជ្រាបថា បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងដំណើការនីតិវិធីច្បាប់ ដើម្បីបញ្ចប់កិច្ចសន្យាជាមួយម៉ាត 7-Eleven នៅក្នុងស្ថានីយ។ ជំហានបន្ទាប់ ក្រុមហ៊ុននឹងធ្វើការដកចេញនូវស្លាកសញ្ញា 7-Eleven នៅតាមបដាខ្ពស់ (highway sign) និងគ្របផ្លាកសញ្ញានៅខាងមុខហាង។
ទន្ទឹមពេលជាមួយគ្នានេះផងដែរ ក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) កំពុងសិក្សាលើឱកាសសហការអាជីវកម្មជាមួយក្រុមហ៊ុនម៉ាតក្នុងស្រុក និងក្រៅប្រទេសជាច្រើនដើម្បីនាំមកនូវការផ្លាស់ប្តូរដាច់ខាត។
ក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) ក៏បានអំពាវនាវផងដែរថា ដើម្បីជាការរួមចំណែកពីអតិថិជនដល់ការផ្លាស់ប្តូរនេះ សូមអតិថិជន មេត្តាជួយគាំទ្រម្ចាស់ស្ថានីយ ភីស តាមរយៈការជ្រើសរើសទិញទំនិញនៅក្នុងម៉ាតបច្ចុប្បន្ន ក្នុងអំឡុងពេលអន្តរកាលនេះ ដើម្បីជួយសម្រាលដល់ការរៀបចំស្តុកដែលនៅសល់របស់ម្ចាស់ស្ថានីយផ្ទាល់។
សូមជម្រាបថា ក្រុមហ៊ុន PEACE Petroleum Cambodia ត្រូវបានបង្កើតឡើងដោយកូនខ្មែរគឺ លោក ទៀ ស្យាម និងអ្នកឧកញ៉ា ទៀ វិចិត្រ ជាសហស្ថាបនិក។ បច្ចុប្បន្នក្រុមហ៊ុនស្ថានីយប្រេងមួយនេះ មានចំនួនជាង ៣០កន្លែង ហើយក្រុមហ៊ុន PEACE Petroleum (Cambodia) មានទស្សនវិស័យច្បាស់លាស់ ក្នុងការពង្រីកវិសាលភាពនៃស្ថានីយ ភីស ឱ្យគ្របដណ្តប់បានគ្រប់ ២៥ រាជធានី ខេត្ត តាមផែនការនិងយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន នាពេលឆាប់ៗខាងមុខនេះ៕



