ខណ្ឌមានជ័យ រាជធានីភ្នំពេញ នឹងទទួលបានគម្រោងវិនិយោគបង្កើតមន្ទីរពេទ្យ ក្នុងទំហំទុនវិនិយោគប្រមាណ ៧៦លានដុល្លារអាម៉េរិក នាពេលឆាប់ៗខាងមុខនេះ។នេះបើយោងតាមសេចក្តីប្រកាសរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា (CDC) កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។

CDC បានប្រកាសចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលទទួលបានគម្រោងវិនិយោគបង្កើតមន្ទីរពេទ្យ ចំនួន ២២១ គ្រែ ក្នុងទំហំទុនវិនិយោគប្រមាណ ៧៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧០៨កន្លែង។
CDC បានបញ្ជាក់ថា គម្រោងវិនិយោគបង្កើតមន្ទីរពេទ្យ ត្រូវបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។គម្រោងវិនិយោគបង្កើត មន្ទីរពេទ្យ ចំនួន 221 គ្រែ ដែលមានទីតាំងស្ថិតនៅក្បាលដីលេខ 820 មហាវិថីសម្តេច ហ៊ុន សែន ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ និងវិនិយោគដោយក្រុមហ៊ុន VR CHAKTOMUK INTERNATIONAL HOSPITAL CO., LTD.។
សូមជម្រាបថា បើគិតក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២៥នេះ CDC បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៧៥គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៩,២ប៊ីលានដុល្លារអាម៉េរិក គឺគម្រោងវិនិយោគមានការកើនឡើងចំនួន ២២៩គម្រោង ស្មើនឹងប្រមាណ ៦៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ៣,៧ប៊ីលានដុល្លារអាម៉េរិក ស្មើ នឹងប្រមាណ ៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានគម្រោងវិនិយោគត្រឹមតែ ៣៤៦គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៥ប៊ីលានដុល្លារអាម៉េរិក។
ជាការកត់សម្គាល់ត្រឹមតែរយៈ ពេល១០ខែ CDC បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ១៦១គម្រោង៕ អត្ថបទ៖ហ្សាលីន


