ក្រសួងការងារ និង JCA ចាប់ដៃឯកភាពគ្នាពង្រឹងភាពជាដៃគូជំរុញលើការបណ្តុះបណ្តាលជំនាញ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង សមាគមកម្ពុជា-ជប៉ុន (JCA) បានឯកភាពគ្នាពង្រឹងភាពជាដៃគូជំរុញលើការបណ្តុះបណ្តាលជំនាញ ព្រមទាំងផ្លាស់ប្តូរយោបល់ក្នុងការសិក្សាលទ្ធភាពសហការលើគម្រោងផ្សេងទៀត និងចែករំលែកអំពីវឌ្ឍនភាព នៃគម្រោងដែលបានអនុវត្តជាមួយក្រសួង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការឯកភាពគ្នារវាង ក្រសួងការងារ ជាមួយ JCA បានធ្វើឡើងរវាង លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ លោក TAKAHASHI Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) ដែលបានដឹកនាំប្រតិភូ ២៩រូប ដែលជាថ្នាក់ដឹកនាំសមាគម JCA និងតំណាងក្រុមហ៊ុនសមាជិក កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ភាគីទាំងពីរបានស្វែងយល់កាន់តែស៊ីជម្រៅអំពីស្ថានភាពទីផ្សារការងារ និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងផ្លាស់ប្តូរយោបល់ក្នុងការសិក្សាលទ្ធភាពសហការលើគម្រោងផ្សេងទៀត និងចែករំលែកអំពីវឌ្ឍនភាព នៃគម្រោងដែលបានអនុវត្តជាមួយក្រសួង។

ក្នុងឱកាសនោះ លោក ហេង សួរ បានកោតសរសើររួមទាំងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនយ៉ាងល្អប្រសើរ នៃកិច្ចសហការដែលក្រសួងមានជាមួយ JCA ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការផ្តល់ឱកាសទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន លើជំនាញថែទាំ និងជួសជុលយានយន្ត។

លោកបានបញ្ជាក់ពីការស្វាគមន៍រាល់កិច្ចសហការទាំងអស់ជាមួយភាគីជប៉ុន ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនកម្ពុជា ជាពិសេស ការផ្ដល់ឱកាសទៅធ្វើការនៅក្នុងប្រទេសជប៉ុន។

ជាការឆ្លើយតប លោក TAKAHASHI Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) ក៏បានគូសបញ្ជាក់ និងកត់សម្គាល់ដូចគ្នាពីភាពរីកចម្រើនកាន់តែល្អប្រសើរនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួង ជាពិសេស ការបញ្ជូនសិក្ខាកាមទៅប្រទេសជប៉ុន តាមរយៈក្រុមហ៊ុនសមាជិកសមាគមកម្ពុជា-ជប៉ុន (JCA) ។ បន្ថែមពីនេះ ដើម្បីជំរុញការវិនិយោគរបស់ជប៉ុនបន្ថែមទៀត លោកប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) បានស្នើឱ្យពង្រឹងនូវកិច្ចសហការ និងការគាំទ្របន្ថែមពីក្រសួងការងារ សម្រាប់ការវិនិយោគរបស់ជប៉ុនជាបន្តបន្ទាប់នៅកម្ពុជា៕