ក្រុមហ៊ុនសំបកកង់ខ្មែរម៉ាក សៃលុន (Sailun Tire) និងក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វីរៈ បានរួមគ្នារៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដើម្បីរួមចំណែកជួយដល់ដំណាំស្រូវរបស់កសិករកម្ពុជា ដែលកំពុងត្រូវការគាំទ្រទីផ្សារ។

នាល្ងាចថ្ងៃទី១០ ខែវិច្ឆិកានេះ ក្រុមហ៊ុនសំបកកង់ខ្មែរម៉ាក សៃលុន បានបញ្ជាក់លើបណ្តាញសង្គមហ្វេសប៊ុកថា សៃលុន ដើម្បីកម្ពុជា ជួយទាំងដំណាំកៅស៊ូ ជួយទាំងដំណាំស្រូវ។ ដើម្បីជាការរួមចំណែក ជួយដល់កសិករ សៃលុន បានរៀបចំកម្មវិធីប្រម៉ូសិនពិសេស ដោយសហការនិងបញ្ជាទិញអង្ករខ្មែរពីដៃគូររបស់យើង ក្រុមហ៊ុន វិរៈ ប៊ុនថាំ (Vireak Buntham) ក្នុងវេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥។
កម្មវិធីប្រម៉ូសិនពិសេសនេះ រួមមានដូចខាងក្រោម៖
១.រាល់ការទិញសំបកកង់ឡានទេសចរណ៌៖ ចំនួន ២៥ គ្រាប់ ទទួលបាន អង្ករខ្មែរ ៥០គីឡូ, ចំនួន ៥០ គ្រាប់ ទទួលបាន អង្ករខ្មែរ ១០០គីឡូ ឬ ចំនួន ១០០ គ្រាប់ ទទួលបាន អង្ករខ្មែរ ២០០គីឡូ។
២.រាល់ការទិញសំបកកង់ឡានធំ កង់គ្រឿងចក្រ៖ ចំនួន ៥ គ្រាប់ ទទួលបាន អង្ករខ្មែរ ៥០គីឡូ, ចំនួន ១០ គ្រាប់ ទទួលបាន អង្ករខ្មែរ ១០០គីឡូ ឬ ចំនួន ២០ គ្រាប់ ទទួលបាន អង្ករខ្មែរ ២០០គីឡូ។
គួរបញ្ជាក់ថា ការផ្ដល់ជូននេះធ្វើឡើងចាប់ពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិនៃក្រុមហ៊ុន PIC Tire Co.,Ltd (ភីអាយសុី ថាយអ៊ើ ខូអិលធីឌី) ដែលជាក្រុមហ៊ុនទទួលសិទិ្ធចែកចាយផ្តាច់មុខនូវផលិតផលសំបកកង់ឡានផលិតក្នុងស្រុក សៃលុន បានប្រាប់ដល់ ឧកញ៉ាញូស៍ បែបនេះថា៖ “កិច្ចសហការរៀបចំកម្មវិធីប្រម៉ូសិនរបស់ សៃលុន និងក្រុមហ៊ុន វិរៈ ប៊ុនថាំ ខាងលើនេះ គឺជាចំណែកមួយជួយសម្រួលទៅដល់បងប្អូនប្រជាកសិករ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងជួបការលំបាក ដើម្បីឱ្យតម្លៃស្រូវ ឬតម្លៃអង្កររបស់ប្រជាកសិករខ្មែរយើង អាចទទួលយកបាន។ កម្មវិធីពិសេសនេះ ក៏ជាឱកាសសម្រាប់ម្ចាស់ដេប៉ូលក់ចែកចាយបន្ត ដែលគ្រោងទិញចូលនូវចំនួនច្រើន។ សម្រាប់កង់ធំ ខ្ញុំសូមលើកទឹកចិត្តទាំងម្ចាស់ដេប៉ូ និងអ្នកប្រើប្រាស់ផ្ទាល់ ព្រោះនេះជាឱកាសកម្រមួយ។ សៃលុន តែងតែគិតគូ និងចូលរួមលើកកម្ពស់វិស័យកសិកម្ម ទាំងដំណាំកៅស៊ូ និងដំណាំស្រូវ”។
សូមជម្រាបជូនថា រោងចក្រផលិតសំបកកង់ឡាន សៃលុន មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្ដស្វាយរៀង។ រោងចក្រផលិតសំបកកង់ឡាន សៃលុន បាននឹងស្រូបទាញទិន្នផលកៅស៊ូ ប្រមាណជាង ៣០% នៃទិន្នផលកៅស៊ូសរុប គិតតែក្នុងឆ្នាំ ២០២៤ ប្រមាណ ៥ ម៉ឺនតោន និង គ្រោងកែឆ្នៃទិន្នផលកៅស៊ូក្នុងស្រុកប្រមាណ ១ សែនតោន ដោយគិតជាសាច់ប្រាក់ប្រមាណជាង ២០០ លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៥នេះ៕





