ស្របជាមួយទស្សនមួយថា កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ជាទឹកដីដ៏សែនមនោរម្យរបស់ភ្ញៀវទេសចរគ្រប់ទិសទីទូទាំងសកលលោក ពេលនេះរស្មីកាន់តែរះត្រដែតហើយ ដោយក្រសួងទេសចរណ៍បានបញ្ជាក់ថា កម្ពុជានឹងស្វាគមន៍ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ដែលនឹងភ្ជាប់ជើងហោះហើរត្រង់ពី Kolkata សាធារណរដ្ឋឥណ្ឌា មកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី១២ ខែវិច្ឆិកានេះ បានបញ្ជាក់ថា «ការដឹកនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ,គួបផ្សំជាមួយចំណងការទូតជិតស្និទ្ធជាមួយប្រទេសឥណ្ឌា ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា នឹងភ្ជាប់ជើងហោះហើរត្រង់ពី Kolkata សាធារណរដ្ឋឥណ្ឌា មកកាន់ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ»។
គួរឱ្យដឹងថា ជាលើកដំបូងគេដែលក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGo តភ្ជាប់ជើងហើរត្រង់ជាមួយកម្ពុជា។ តាមផែនការក្រុមហ៊ុននេះគ្រោងហោះហើរ៣ជើងក្នុងមួយសប្តាហ៍ ដោយប្រើយន្តហោះ Airbus A320 បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ធំមួយនេះបានពន្យារពេលម្ដងហើយម្ដងទៀត៕


