កម្ពុជា-ជប៉ុន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយផ្តោតលើវិស័យសំខាន់៣

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា -ជប៉ុន បានប្តេជ្ញាថា នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយផ្តោតលើវិស័យសំខាន់៣ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងលើកម្ពស់សេដ្ឋកិច្ចជាតិកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជាមកពី ១០ ក្រុមហ៊ុន ដឹកនាំដោយ លោក TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា កាលទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នៅក្នុងជំនួបពិភាក្សាខាងលើ ភាគីទាំងពីរបានផ្តោតការពិភាក្សាការងារអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសំខាន់ចំនួន៣ រួមាន៖ វិស័យកសិ-ឧស្សាហកម្ម បណ្ដុះបណ្ដាល និងឌីជីថល ព្រមទាំងទទួលស្ដាប់នូវបទបង្ហាញអំពីទិសដៅយុទ្ធសាស្ត្ររបស់សមាគមជប៉ុន-កម្ពុជាសម្រាប់ឆ្នាំ ២០២៥។

ពាក់ព័ន្ធនឹងរឿងប្រទេសជប៉ុននេះ ដែរ កាលព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជំនួបជាមួយសម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូ ធុរជនជប៉ុន ក៏បានប្តេជ្ញាថា នឹងបន្តអនុវត្តផែនការធុរកិច្ចក្នុងវិស័យ សំខាន់ៗ ដើម្បីរួមចំណែកក្នុងការជំរុញការរីកចម្រើនផ្នែកធុរកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជាផងដែរ៕ អត្ថបទ៖ហ្សាលីន