រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន រំភើបការអភិវឌ្ឍកម្ពុជា,ជាអ្វីដែលជាសេចក្តីប្រាថ្នារបស់អ៊ុយក្រែន

សង្គម​និង​សេដ្ឋកិច្ច

នៅចំពោះមុខសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានបង្ហាញអារម្មណ៍ពិតជាមានការរំភើប និងអបអរសាទរជូនដល់កម្ពុជាដែលបានឆ្លងកាត់សង្គ្រាមខ្ទេចខ្ទី ការកាប់សម្លាប់ប្រល័យពូជសាសន៍ តែមកដល់ពេលនេះកម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងស្រស់បំព្រង ។ លោកបញ្ជាក់ថា នេះគឺជាអ្វីដែលជាសេចក្តីប្រាថ្នារបស់អ៊ុយក្រែន និងប្រជាជនអ៊ុយក្រែនគ្រប់រូបចង់បាន។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងជំនួបជាមួយមេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃពុធ ទី៩វិច្ឆិកានេះ លោក ដឹមីត្រូ គូលេបា (Dmytro Kuleba) រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានថ្លែងអំណរគុណកម្ពុជាដែលបានគាំទ្រអ៊ុយក្រែនតាមរយៈការចេញសេចកីថ្លែងការណ៍រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបង្ហាញពីកង្វល់ចំពោះស្ថានការណ៍ដែលបាន និងកំពុងកើតឡើងនៅអ៊ុយក្រែន ហើយបានទាមទារឲ្យបញ្ឈប់ការប្រើប្រាស់កម្លាំងប្រដាប់អាវុធជាបន្ទាន់ និងងាកមករកការចរចាបញ្ឈប់សង្គ្រាម និងធ្វើជាស្ថាបនិកគាំទ្រសេចកីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលពាក់ព័ន្ធទៅនឹងការឈ្លានពានមកលើអ៊ុយក្រែន។ 

ថ្លែងនៅក្នុងឪកាសជំនួបនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី គូសបញ្ជាក់ប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ថា កម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមការឈ្លានពាន កម្ពុជាយល់អំពីអារម្មណ៍របស់ប្រជាជនអ៊ុយក្រែន។ សម្តេចអះអាងថា ជំហររបស់កម្ពុជាលើបញ្ហាសង្គ្រាមលើអ៊ុយក្រែនគឺការប្រកាន់ភ្ជាប់ និងគោរពគោលការណ៍ដែលបានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ 

សម្តេចតេជោបញ្ជាក់បន្ថែមទៀតថា កម្ពុជាប្រឆាំងនឹងការឈ្លានពាន ការគំរាមកំហែង និងការប្រើប្រាស់ហិង្សាមកលើអធិបតេយ្យភាព និងបូរណភាពដែនដីរបស់រដ្ឋឯករាជ្យ និងមិនគាំទ្ររាល់ការបំបែករដ្ឋ ឬការទន្រ្ទានយកទឹកដីពីប្រទេសដទៃឡើយ៕