ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ចុះ MoU ជាមួយក្រសួងការងារ ពង្រីកកិច្ចសហប្រតិបត្តិការលើ​វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានអញ្ជើញ​ជាអធិបតីដ៏ខ្ពង់ខ្ពស់ និងជាហត្ថលេខីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (Mou) ស្តីពីកិច្ចសហ​ប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅអគារវីងថៅវើ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីនេះ ក៏មានវត្តមានអមដោយ​លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង អនុប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធាន​សមាគម​សិល្ប:ករខ្មែរ ដើម្បីបង្កើតភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែល​ផ្ដោតលើការពង្រឹងការអភិវឌ្ឍ​កម្លាំងពលកម្មនៅកម្ពុជា លើកកម្ពស់ឱកាសការងារ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការទូទាត់ប្រាក់តាម​ប្រព័ន្ធឌីជីថល និងជំរុញកិច្ចសហការយ៉ាងមានប្រសិទ្ធភាពរវាងភាគីទាំងពីរ។

ថ្លែងក្នុងពិធីនេះ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងពីកត្តាសុខសន្តិភាព បានផ្ដល់ឱកាសឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានលទ្ធភាពក្នុងការអភិវឌ្ឍរីកចម្រើនទាំងការកសាងធនធានមនុស្ស ដែលជាកត្តាសំខាន់មិនអាចខ្វះបាន ដើម្បី​ធានាបានថា កម្លាំងពលកម្មអាចឆ្លើយតបទៅនឹងបម្រែបម្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ដែលរហូតមកបច្ចុប្បន្ន​ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានបុត្រសម្ព័ន្ធលើវិស័យជាច្រើនចំនួន២២ ក្រុមហ៊ុន។ អ្នកឧកញ៉ា ក៏បានបង្ហាញពីក្តីរីករាយ​ដោយបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិឱ្យរីកចម្រើន រួមទាំងសកម្មភាពជួយការងារសង្គម និងការងារមនុស្សធម៌ជាច្រើន ដើម្បីជួយ​ដល់កម្មករនិយោជិត និងប្រជាជនកម្ពុជា។

នាក្នុងឱកាសនោះដែរ ឯកឧត្តម ហេង សួរ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​ការវិវត្តរីកចម្រើនឥត​ឈប់ឈររបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ដែលជាក្រុមហ៊ុនវិនិយោគជន​ជាតិខ្មែរដ៏ធំ​ជាងគេ​មួយចាប់ផ្តើមដំបូងនៅកម្ពុជា រហូតបង្កើតបានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន និងបានផ្តល់ឱកាសការងារជា​ច្រើន​ជូនដល់ប្រជាពលរដ្ឋកម្ពុជា និងបានចូលរួមទាក់ទាញវិនិយោគទុនថ្មីៗជាច្រើនមកកម្ពុជាជាបន្តបន្ទាប់ ហើយ​ក៏​មានការនាំមកនូវបច្ចេកវិទ្យាថ្មីៗសម្រាប់ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់លើសារ:សំខាន់ ការរក្សាបាននូវសន្តិភាព គឺជាការរក្សាបាននូវក្តីសង្ឈឹម និងការ​អភិវឌ្ឍ។ កន្លងមកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានសហការជាមួយក្រសួងការងារជាបន្តបន្ទាប់ ក្នុងការជួយសម្រួលក្នុង​ការផ្តល់សេវាសាធារណៈរបស់ក្រសួង ការផ្សព្វផ្សាយ និងផ្តល់ឱកាសការងារជាដើម។ ការចុះអនុស្សរណៈ​នៃការ​យោគយល់គ្នានាពេលនេះ គឺជាការលើកកម្ពស់ភាពជាដៃគូរវាងស្ថាប័នទាំងពីរឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងចូលរួមចំណែកកាន់តែទូលំទូលាយក្នុងការពង្រឹងការអភិវឌ្ឍជំនាញសម្រាប់ប្រជាជនកម្ពុជា ដែលឆ្លើយតបទៅ​នឹងទស្សនវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំណត់​យកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពចំបង៕