ស្របពេលសួនឧស្សាហកម្មស្វាយចន្ទី ដែលជាសួនឧស្សាហកម្មដំបូងគេនៅកម្ពុជា គ្រោងធ្វើឡើងនៅលើទឹកដីខេត្តកំពង់ធំ ដែលជាខេត្តមានការដាំដុះស្វាយចន្ទីច្រើនជាងគេ សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថាមានរោងចក្រ៥ហើយដែលកំពុងរងចាំសួនកសិឧស្សាហកម្មស្វាយចន្ទីកំពង់ធំ ដើម្បីទទួលការលើកទឹកចិត្តផ្សេងៗពីរដ្ឋជាពិសេស។

សមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា រោងចក្រពីរនឹងដំណើរការនៅកំពង់ធំនិងមួយទៀតនៅកំពង់ចាមនៅឆ្នាំ២០២៦ ដោយរោងចក្រខ្មែរមួយសាងសង់រួចរាល់ កំពុងដំឡើងម៉ាស៊ីន មានសមត្ថភាពកែច្នៃគ្រាប់ចន្ទីឆៅ៤០តោនក្នុងមួយថ្ងៃ (១វេន) អាចដំណើរការខែឧសភា ២០២៦ ហើយរោងចក្រខ្មែរមួយទៀតកំពុងសាងសង់ មានខសមត្ថភាពកែច្នៃ ៥០តោនក្នុងមួយថ្ងៃ អាចដំណើរការចុងឆ្នាំ២០២៦ ខាងមុខ។
ជាមួយគ្នានេះ ក៏មានរោងចក្រខ្មែរមួយនៅចម្ការលើ ខេត្តកំពង់ចាម បានសាងសង់រួច ដំឡើងម៉ាស៊ីនរួច ដែលមានសមត្ថភាព៥០តោន(គ្រាប់ស្វាយចន្ទីឆៅ) ក្នុងមួយថ្ងៃ។

ទន្ទឹមនឹងនេះដែរ សមាគមស្វាយចន្ទីក៏បានបញ្ជាក់ថា មានរោងចក្រ៥ កំពុងរងចាំសួនកសិឧស្សាហកម្មស្វាយចន្ទីកំពង់ធំ ដើម្បីទទួលការលើកទឹកចិត្តផ្សេងៗពីរដ្ឋជាពិសេស QIP+ មានការបញ្ជាទិញគ្រាប់កែច្នៃមកពីអារ៉ាប់ដូចជា កាតា បារ៉ែន ឌូបៃ និង ចិន តៃវ៉ាន់ និងអេស្ប៉ាញ។ លើសពីនេះ ការបញ្ជាទិញគ្រាប់ឆៅមកពីឥណ្ឌា ចិន វៀតណាម សមាគមស្វាយចន្ទីកម្ពុជាបានភ្ជាប់ទំនាក់ទំនងការបញ្ជារទិញទាំងនោះជាមួយរោងចក្រនិងក្រុមហ៊ុនជាសមាជិករួចរាល់ដែរ។
សូមបញ្ជាក់ថា ស្របពេលដែលកម្ពុជាបានដាក់ចេញ «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ហើយក៏ជាប្រទេសផលិតស្វាយចន្ទីធំផងដែរនោះ កម្ពុជាក៏គ្រោងបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ដែលផ្តោតសំខាន់លើការកែច្នៃគ្រាប់ស្វាយចន្ទី ដោយមានផ្ទៃដីទំហំជិត៦០០ហិកតា មានចម្ងាយពីទីរួមខេត្តកំពង់ធំ ជិត១៣គីឡូម៉ែត្រ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ធ្លាប់បានបញ្ជាក់ថា «ខណៈពេលសួនកសិឧស្សាហកម្មនេះកើតឡើង ក្រុមហ៊ុនដែលបើករោងចក្រនៅតំបន់នេះអាចទទួលបានដូចជា ការអនុគ្រោះពន្ធដា និងពន្ធគយ, មានហេដ្ឋរចនាសម្ព័ន្ធជាស្រេចដែលគាំទ្រដោយរដ្ឋ, មានសិទ្ធិជាម្ចាស់នៅលើដីជួលពីរដ្ឋដោយមិនចាំបាច់មានភាគទុននិកពីកម្ពុជា, ទទួលបានការជួលដីពីរដ្ឋក្នុងតម្លៃសមរម្យ។ល។, និងមានការអនុគ្រោះជាច្រើនទៀត។
ដូចនេះច្បាស់ណាស់សួនកសិឧស្សាហកម្មស្វាយចន្តីនេះ អាចទាក់ទាញវិនិយោគបន្ថែម និងពិតជាជួយជម្រុញវិស័យកែច្នៃស្វាយចន្ទី បានយ៉ាងច្រើន បង្កើនប្រាក់ចំណូលចូលចរន្តសេដ្ឋកិច្ចជាតិ បង្កើតការងារនិងផ្តល់តម្លៃបន្ថែមដល់កសិករ ផ្តល់ស្ថេរភាពតម្លៃកសិផល»។
គួរបញ្ជាក់ថា ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ១៥ម៉ឺនហិកតា។ ក្នុងនោះ ផ្ទៃដីប្រមូលផលជាង ១៤ម៉ឺនហិកតា និងទទួលបានទិន្នផលជាមធ្យម ១,៥ ក្នុង១ឆ្នាំ និងបរិមាណផលជាង ២២ម៉ឺនតោន ស្មើនឹងប្រមាណ ៣០ភាគរយ ក្នុងក្របខណ្ឌទូទាំងប្រទេស៕

