ក្រុមហ៊ុន Nissan ប្រកាសពីគម្រោងកាត់បន្ថយការងារទ្រង់ទ្រាយធំ នៅតំបន់អឺរ៉ុប

អន្តរជាតិ

ក្រុមហ៊ុន Nissan ថ្មីៗនេះ បានប្រកាសថានឹងលុបចោលមុខតំណែងចំនួន ៨៧ នៅក្នុងការិយាល័យប្រចាំតំបន់អឺរ៉ុបរបស់ខ្លួន ដែលមានទីតាំងនៅក្នុងប្រទេសបារាំង ដែលជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងការផ្លាស់ប្តូរជាសកល ដោយក្នុងនោះក៏រួមមានទាំងការកាត់បន្ថយបុគ្គលិក ១៥% ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ជប៉ុន ដែលកំពុងជួបប្រទះទៅនឹងការលំបាកនេះ កំពុងធ្វើការយ៉ាងខ្លាំងដើម្បីធ្វើឲ្យប្រតិបត្តិការរបស់ខ្លួនមានភាពប្រសើរឡើងវិញ និងវិលត្រលប់ទៅរកប្រាក់ចំណេញ ខណៈពេលដែល Nissan កំពុងតស៊ូជាមួយនឹងបញ្ហាប្រឈមមុខយូរអង្វែង នៅអឺរ៉ុបដែលជាទីផ្សារដ៏សំខាន់។

យ៉ាងណាមិញ ផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់ក្រុមហ៊ុន Nissan នេះ រួមមានការកាត់បន្ថយសមត្ថភាពផលិតកម្មសកល ជិត ៣០% មកនៅត្រឹម ២,៥ លានគ្រឿង កាត់បន្ថយទីតាំងផលិតកម្មមកនៅត្រឹម ១០ ពីចំនួន ១៧ កន្លែង និងរួមទាំងការកាត់បន្ថយចំនួនបុគ្គលិក ១៥% ផងដែរ។

ជម្រាបជូនថា ក្រុមហ៊ុនផលិត Nissan បច្ចុប្បន្ន មានបុគ្គលិកជិត ១៩ ០០០ នាក់នៅទូទាំងទ្វីបអឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ា ឥណ្ឌា និងអូសេអានី ដោយក្នុងនោះមានជិត ៦០% មានមូលដ្ឋាននៅអឺរ៉ុប ។នេះបើយោងតាមរបាយការណ៍ភាពចម្រុះរបស់ក្រុមហ៊ុនដែលត្រូវបានបង្ហាញនៅខែតុលា ឆ្នាំ២០២៤៕