Cushing ដែលជាមជ្ឈមណ្ឌលស្តុក និងកំណត់តម្លៃប្រេងឆៅប្រភេទ WTI របស់សហរដ្ឋអាមេរិក កំពុងខិតជិតដល់កម្រិត “អប្បបរមាប្រតិបត្តិការ” របស់ខ្លួន ដែលអាចប៉ះពាល់ដល់ការផ្គត់ផ្គង់សកល ក្នុងរយៈពេលមួយខែទៀត។

យោងតាមCNN រាយការណ៍ទៀតថា មជ្ឈមណ្ឌលប្រេង Cushing នៅរដ្ឋ Oklahoma ដែលត្រូវបានគេឲ្យឈ្មោះថា “ផ្លូវបំបែកនៃបំពង់បង្ហូរប្រេងរបស់ពិភពលោក” មានប្រេងឆៅបម្រុងចំនួន ៤០ លានបារ៉ែលក្រោមលក្ខខណ្ឌប្រតិបត្តិការធម្មតា។
នៅពេលដែលជម្លោះនៅមជ្ឈិមបូព៌ា បានឈានចូលដល់ថ្ងៃទី១០៥ ហើយនោះរដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក (EIA) បានប្រកាសថា ស្តុកប្រេងរបស់ Cushing មានចំនួន ២១,៦ លានបារ៉ែល ដែលខិតជិតដល់កម្រិត “អប្បបរមាប្រតិបត្តិការ” ពោលគឺជាកម្រិតមួយដែលនឹងគំរាមកំហែងដល់ការផ្គត់ផ្គង់ប្រេង សម្រាប់អតិថិជនទាំងអស់។
យ៉ាងណាមិញ បើតាមលោកស្រី Natasha Kaneva ប្រធានផ្នែកយុទ្ធសាស្ត្រទំនិញនៅ JPMorgan បានប្រៀបធៀបប្រព័ន្ធបំពង់បង្ហូរប្រេងទៅនឹងចរន្តឈាមនៅក្នុងខ្លួនមនុស្ស។ យោងតាមលោកស្រី បញ្ហាមិនមែនជាកង្វះខាតប្រេងនៅទូទាំងពិភពលោកទេ ប៉ុន្តែជាប្រេងមិនគ្រប់គ្រាន់ក្នុងការចរាចរដើម្បីរក្សាលំហូរមានស្ថេរភាពនៅទូទាំងប្រព័ន្ធទាំងមូល។
គួរជម្រាបជូនថា តម្រូវការប្រេងរបស់សហរដ្ឋអាមេរិក បានកើនឡើងដល់កម្រិតកំណត់ត្រាក្នុងអំឡុងពេលជម្លោះអ៊ីរ៉ង់។ ការផ្គត់ផ្គង់ប្រេងឆៅពី Cushing កំពុងលើសពីអត្រាដែលក្រុមហ៊ុនខួងប្រេងរបស់សហរដ្ឋអាមេរិកអាចបំពេញវាបាន៕

