សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា សម្តេចប្រឆាំងដាច់ខាតចំពោះសំណើណាក៏ដោយរបស់ភាគីកម្ពុជារឿងបើកព្រំដែនកម្ពុជា-ថៃ ព្រោះគេជាអ្នកបិទ យើងកុំទៅសុំបើក កុំធ្វើថោក ខណៈសម្តេចតេជោថា ថៃអាចបិទ១០០ឆ្នាំ ឬ៥០០ឆ្នាំក៏បាន។

នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា តាំងពីថៃបិទព្រំដែនមកកម្ពុជាមិនដែលទៅសុំបើកទេ ហើយទោះបីបិទ១០០ឆ្នាំទៀត ក៏កម្ពុជាមិនទៅស្នើសុំបើកវិញដែរ។ សម្ដេចតេជោ បញ្ជាក់ថា សម្ដេចប្រឆាំងដាច់ខាតចំពោះសំណើរណាមួយដែលទៅសុំបើកព្រំដែនកម្ពុជា-ថៃ ព្រោះរឿងនេះយើងបានដឹងគ្រប់គ្នាហើយ គឺថៃជាអ្នកបិទព្រំដែនដោយឯកតោភី។ ប៉ុន្ដែកម្ពុជាត្រូវពង្រឹងសមត្ថភាពក្នុងការផលិតទំនិញក្នុងការផ្គត់ផ្គង់។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា និងថៃភាគីទាំងពីរកំពុងតែលេងល្បែងចាញ់ចាញ់ដូចគ្នា ប៉ុន្ដែយើងលោតទាបធ្លាក់មកវិញក៏ឈឺតិចដែរ, ថៃលោតខ្លាំងធ្លាក់មកវិញក៏ឈឺខ្លាំងដែរ។
សូមជម្រាប់ថា នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៥ (មករា-សីហា) ការដោះដូរទំនិញរវាងកម្ពុជា-ថៃ សម្រេច បាន នូវ ទំហំ ទឹកប្រាក់ជាង ២,៦៦ ពាន់លានដុល្លារ ធ្លាក់ចុះ ៤,៦% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៤។នេះបើយោងតាម ទិន្នន័យ របស់អគ្គនា យក ដ្ឋាន គយ និង រដ្ឋាករ កម្ពុជា (GDCE) កាលពីពេលថ្មីៗនេះ។
របាយការណ៍ដដែល បានបង្ហាញបន្តថា គិតចាប់ ពីខែ មក រា ដល់ខែ សីហា ឆ្នាំ ២០២៥ ការនាំចេញ-នាំចូលទំនិញរបស់កម្ពុជា-ថៃ មានទំហំទឹកប្រាក់ ២,៦៦ ពាន់លានដុល្លារ ធ្លាក់ចុះ ៤,៦% ក្នុងនោះកម្ពុជា នាំ ចេញ ទៅ ថៃមានទឹកប្រាក់ប្រមាណ ៥៣៥ លានដុល្លារ ធ្លាក់ចុះ ៦,៤% ចំណែក ឯ ថៃនាំចូលមកវិញ មាន ទឹក ប្រាក់ ២,១២ ពាន់លានដុល្លារ ធ្លាក់ចុះ ៤,១%៕ អត្ថបទ៖ហ្សាលីន


