ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងបន្តប្តឹងទៅលើបណ្តាញសារព័ត៌មានអង់គ្លេស BBC ហើយនឹងទាមទារសំណងជាទឹកប្រាក់រហូតដល់ ៥ពាន់លានដុល្លារ សម្រាប់ការចាក់ផ្សាយនូវរឿងអាស្រូវជុំវិញសេចក្តីថ្លែងការណ៍របស់លោក ពាក់ព័ន្ធទៅនឹងអំពើកុបកម្មនៅវិមាន Capitol។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានពីសារព័ត៌មាន Reuters។

ក្នុងអំឡុងពេលនិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាន នៅលើយន្តហោះ Air Force One លោក ត្រាំ បាននិយាយថា ៖” យើងនឹងបន្តប្តឹងពួកគេ ដោយទាមទារសំណង ១ពាន់លានដុល្លារ ទៅ ៥ពាន់លានដុល្លារ ឬក៏អាចនៅសប្តាហ៍នេះ។ ខ្ញុំគិតថាយើងត្រូវតែធ្វើដូច្នេះ បន្ទាប់ពីពួកគេថែមទាំងបានទទួលស្គាល់នូវកំហុសទៀតផង”។
លោក ត្រាំ បាននិយាយបន្ថែមទៀតថា ប្រជាជនអង់គ្លេសហាក់មានការខឹងសម្បារយ៉ាងខ្លាំងចំពោះអ្វីដែលបានកើតឡើង ពីព្រោះ BBC បានបង្ហាញថាវាជាព័ត៌មានក្លែងក្លាយ។ ប្រធានាធិបតីអាមេរិក ក៏បានសង្កត់ថា លោកនឹងលើកឡើងពីបញ្ហានេះ ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ផងដែរ។
គួរឲ្យដឹងផងដែរថា កន្លងមក លោក Samir Shah ប្រធាន BBC បានផ្ញើលិខិតមួយច្បាប់ទៅកាន់សេតវិមាន ដើម្បីសុំទោសលោក ត្រាំ ចំពោះការកែប្រែសេចក្តីថ្លែងការណ៍របស់លោក ពាក់ព័ន្ធទៅនឹងអំពើហិង្សាដែលបានកើនតឡើងក្នុងអំឡុងខែមករា ឆ្នាំ២០២១។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ស្ថាប័ននេះមិនព្រមផ្តល់ជាសំណងទឹកប្រាក់អ្វីនោះឡើយ ដោយបញ្ជាក់ថាវាមិនមានមូលដ្ឋានគ្រប់គ្រាន់ សម្រាប់លោក ត្រាំ ក្នុងការប្តឹងពួកគេ ពីបទបរិហាកេរ្តិ៍នោះឡើយ។
ជម្រាបជូនផងដែរថា ក្រុមមេធាវីរបស់លោកប្រធានាធិបតី ត្រាំ កាលពីដើមសប្តាហ៍នេះ បានទាមទារឱ្យ BBC លុបចោលខ្លឹមសារទាំងអស់ដែលជាវីដេអូត្រូវបានកែសម្រួល ដោយគំរាមកំហែងថាស្ថានីយ៍នេះអាចប្រឈមមុខនឹងបណ្តឹងជាមួយនឹងសំណងមិនតិចជាង ១ពាន់លានដុល្លារ៕

