ប្រធានធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីនេះ បានឈានដល់ការចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីមួយ ដើម្បីដាក់មុខទំនិញកសិកម្មសំខាន់ៗជាច្រើន ចេញពីបញ្ជីពន្ធបដិការខ្ពស់ នៅពេលនាំចូលមកកាន់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងបញ្ជីឈ្មោះមុខទំនិញសំខាន់ដែលលោក ត្រាំ បានចុះហត្ថលេខាដើម្បីលើកលែងនៅពេលនាំចូលមកកាន់ទឹកដីសហរដ្ឋអាមេរិកនោះ រួមមានកាហ្វែ តែ ផ្លែឈើត្រូពិច ទឹកផ្លែឈើ គ្រាប់កាកាវ គ្រឿងទេស ចេក ក្រូច ប៉េងប៉ោះ សាច់គោ និងជីកសិកម្មមួយចំនួន។
គួរឲ្យដឹងផងដែរថា ជុំវិញការសម្រេចចិត្តលើកលែងពន្ធលើមុខទំនិញរៀបរាប់ខាងលើនេះ បានកើតឡើង បន្ទាប់ពីតម្លៃលក់នៅក្នុងស្រុកបានហក់ឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ។ ជាឧទាហរណ៍ យោងតាមសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI) ខែកញ្ញា បានបង្ហាញថាតម្លៃសាចគោកិន បានកើនឡើងជិត ១៤% ធៀបទៅនឹងឆ្នាំមុន ខណៈពេលដែលសាច់គោស្តេក បានកើនឡើង ១៧%។
មិនតែប៉ុណ្ណោះ តម្លៃចេកក៏បានកើនឡើង ៧% ប៉េងប៉ោះ បានកើនឡើង ១%។ សរុបមក តម្លៃអាហារហូបចុកនៅផ្ទះ បានកើនឡើង ២,៧% នៅក្នុងខែកញ្ញា បើប្រៀបធៀបទៅនឹងឆ្នាំមុន។
ជម្រាបជូនផងដែរថា ជុំវិញការប្រកាសនេះធ្វើឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មក្របខ័ណ្ឌជាមួយប្រទេសអាហ្សង់ទីន អេក្វាឌ័រ ហ្គាតេម៉ាឡា និងអែលសាល់វ៉ាឌ័រ។ ហើយជាមួយគ្នានេះ រដ្ឋបាលលោក ត្រាំ ក៏បានឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសស្វីសនៅថ្ងៃទី១៤ ខែវិច្ឆិកាផងដែរ។ មន្ត្រីសហរដ្ឋអាមេរិក ក៏រំពឹងទុកផងដែរថានឹងអាចឈានដល់កិច្ចព្រមព្រៀងជាច្រើនទៀតនៅឆ្នាំនេះ ដែលនឹងបើកផ្លូវសម្រាប់ការកាត់បន្ថយពន្ធគយលើផលិតផលជាច្រើនទៀត៕

