កម្ពុជា និងបណ្តាប្រទេស៧៧ទៀត បានចូលរួមសន្និសីទសកល “30th Edition of the Partnership Summit 2025” ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសកលសម្រាប់ការរីកចម្រើនក្នុងវិស័យពាណិជ្ជកម្មឱ្យកាន់តែប្រសើរ។

ក្នុងឱកាសដឹកនាំប្រតិភូកម្ពុជា ទៅចូលរួមសន្និសីទសកល លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា សន្និសីទនេះ បានរៀបចំឡើងនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់ថ្នាក់រដ្ឋមន្រ្តី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណជាង ២៥០០ នាក់ មកពីបណ្តាប្រទេសចំនួន ៧៧។
លោកបានបន្តថា សន្និសីទនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសកលសម្រាប់ការរីកចម្រើនក្នុងវិស័យពាណិជ្ជកម្ម និងវិស័យពាក់ព័ន្ធក្រោមមូលបទ «បច្ចេកវិទ្យា ការជឿជាក់ និងពាណិជ្ជកម្ម (Technology, Trust and Trade)» ដែលបានចែកជា ៤៥ កិច្ចពិភាក្សាដោយផ្តោតសំខាន់លើពាណិជ្ជកម្ម ឧស្សាហូបនីយកម្ម បច្ចេកវិទ្យា នវានុវត្តន៍ ប្រកបដោយចីរភាព បម្រែបម្រួលអាកាសធាតុ ភាពរីកចម្រើន ភូមិសាស្ត្រសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។

សូមជម្រាបថា តាមរយៈសន្និសីទខាងលើនេះដែរ ក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានថ្លែងសុន្ទរកថាលើប្រធានបទសំខាន់ៗចំនួន ២ រួមមាន៖ ១.ច្រកផ្លូវទៅកាន់ភាពរីកចម្រើន (Gateway to Growth)៖ សារៈសំខាន់ចាំបាច់នៃពាណិជ្ជកម្មនិងវិនិយោគ និងប្រធានបទទី ២. ការរៀបចំ និងបង្កើនជំនាញឡើងវិញសម្រាប់តម្រូវការនៃពិភពលោកថ្មី ដោយកត់សម្គាល់លើបញ្ហាប្រឈម កាលានុវត្តភាព និងសក្តានុពលពាណិជ្ជកម្មនិងវិនិយោគនិងការកសាងសមត្ថភាពធនធានមនុស្ស និងកម្មករជំនាញក្នុងតំបន់ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ឈានទៅសម្រេចបានគោលដៅរួមសម្រាប់អនាគតប្រកបដោយវិបុលភាព និងចីរភាព តាមរយៈចែករំលែកនូវការរីកចម្រើនជាមួយគ្នា និងកិច្ចសហប្រតិបត្តិការភាពជាដៃគូលើគ្រប់វិស័យរវាងប្រជាជាតិក្នុងតំបន់ និងវិស័យពាក់ព័ន្ធនានាដែលចូលរួមកសាងតំបន់អាស៊ីប្រកបដោយភាពរីកចម្រើន៕ អត្ថបទ៖ហ្សាលីន


