ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញជូនតំណាងស្ថានបេសកកម្មការទូតចំនួន២១ នៅរាជធានីភ្នំពេញ សរុប ២៤រូប នូវចំនុចសំខាន់ចំនួន៥ ជុំវិញការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។

ថ្លែងក្នុងបទបង្ហាញជូនបណ្តាទូត កាលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ លោក នង សាកល អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងអំពីចំណុចសំខាន់ចំនួន៥ រួមមាន៖
១. លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស (Special AMM) ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ។ ២. អំពីកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)។ ៣. ស្ថានភាពនៃការវាយប្រហារដោយប្រដាប់អាវុធយ៉ាងគឃ្លើនដោយកងកម្លាំងប្រដាប់អាវុធថៃមកលើទឹកដីកម្ពុជា។ ៤. បញ្ហាមីន ដែលប្រទេសថៃប្រើប្រាស់ជានិទានកថា ដើម្បីបំភាន់ភ្នែកអន្តរជាតិ ចំពោះទង្វើឈ្លានពានរបស់ខ្លួនលើទឹកដីកម្ពុជា។ ទី៥. ការថ្កោលទោសរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចំពោះការវាយប្រហារដ៏ឃោរឃៅ និងមិនរើសទីតាំងរបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើតំបន់ដែលមានប្រជាជនរស់នៅរបស់កម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ បាត់ដំបង ព្រះវិហារ និងខេត្ដកោះកុង។

ជាមួយគ្នានេះ មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសរូបនេះ ក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនរបស់កម្ពុជាចំពោះបទឈប់បាញ់ភ្លាមៗ និងការរក្សាសន្តិភាព និងស្ថិរភាព ព្រមទាំងអនុវត្តន៍ការអត់ធ្មត់ជាអតិបរមា និងបន្តផ្តល់អាទិភាពលើកិច្ចសន្ទនា ការទូត និងដំណោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីរ មានដូចជា បទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និង សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
សូមជម្រាប់ថា ដោយសារការឈ្លានពានរបស់ថៃ មកដល់ពេលនេះ មានពលរដ្ឋខ្មែរជាងកន្លះលាននាក់ រួមមានស្ត្រីជាង៥០% និងកុមារជាង៣០% កំពុងរងទុក្ខ បន្ទាប់ពីបង្ខំចិត្តភៀសសឹក គេចគ្រាប់កាំភ្លើង គ្រាប់ផ្លោងតូចធំ និងគ្រាប់ទម្លាក់ពីយន្តហោះ ដែលបំផ្លាញផ្ទះសំបែង សាលារៀន និងភូមិករពួកគាត់ជាបន្តបន្ទាប់រួចទៅហើយ៕ អត្ថបទ៖ហ្សាលីន

