មហាសេដ្ឋីកំពូលរបស់ពិភពលោក Jeff Bezos នឹងចូលបម្រើការជាសហនាយកប្រតិបត្តិរបស់ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតទើបបង្កើតថ្មីមួយ ដែលផ្តោតទៅលើបច្ចេកវិទ្យា AI សម្រាប់វិសកម្ម និងការផលិតកុំព្យូទ័រ រថយន្ត រួមទាំងយានអវកាសជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានCNA។

ក្រុមហ៊ុនបង្កើតថ្មីនេះ មានឈ្មោះថា Project Prometheus ដែលទទួលបានមូលនិធិចំនួន ៦,២ពាន់លានដុល្លារ ខណៈមួយផ្នែកធំបានមកពីស្ថាបនិកក្រុមហ៊ុន Amazon លោក Bezos ផ្ទាល់តែម្តង ដែលធ្វើឲ្យវាក្លាយក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មដំណាក់កាលដំបូងដែលមានហិរញ្ញប្បទានច្រើនបំផុតមួយ នៅលើពិភពលោក។
គួរឲ្យដឹងផងដែរថា នេះជាលើកដំបូងហើយដែលលោក Bezos បានដើរតួនាទីជានាយកប្រតិបត្តិជាផ្លូវការនៅក្នុងក្រុមហ៊ុនមួយ ពោលគឺចាប់តាំងពីលោកបានប្រកាសលាលែងចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon ក្នុងខែកក្កដា ឆ្នាំ២០២១ មក។ ហើយបើទោះបីជាលោកបានចូលរួមជាមួយក្រុមហ៊ុន Blue Origin ក៏ដោយ ប៉ុន្តែតំណែងផ្លូវការរបស់លោកនៅក្នុងក្រុមហ៊ុនអវកាសមួយនេះ គឺជាស្ថាបនិក ប៉ុណ្ណោះ។
ជម្រាបជូនថា ជាមួយនឹងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មថ្មីនេះ លោក Bezos កំពុងចូលទៅក្នុងទីផ្សារ AI ដ៏រីកចម្រើនមួយ ខណៈពេលដែលកំពុងមានការប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗក្នុងឧស្សាហកម្មដូចជា OpenAI, Meta និង Google ដែលគាំទ្រដោយ Microsoft ជាដើម៕

