លោក Wehelm Maximilian Donko ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអូទ្រីស ប្រចាំនៅកម្ពុជា បានឱ្យដឹងថា នៅក្នុងខែក្រោយនេះ អ្នកវិនិយោគរបស់អូទ្រីសនឹងមកទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគ។លោកលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាកាលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

នៅក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតអូទ្រីសបានអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យប្រតិភូបានចូលជួបសម្ដែងការគួរសមនៅពេលនេះ ខណៈលោកថា ទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងអូទ្រីស ដែលមាននាពេលកន្លងមក ហើយបច្ចុប្បន្នកំពុងតែពង្រីកបន្ថែមទៀត។
ជាមួយគ្នានេះ លោកក៏បានរំលេចនៅក្នុងក្របខ័ណ្ឌទំនាក់ទំនងទ្វេភាគី និងបានបញ្ជាក់ថា កន្លងមកអូទ្រីសបានចូលរួមចំណែកនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នៅក្នុងវិស័យដោះមីន រួមមានការជួយជ្រោមជ្រែងដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហើយលោក រំពឹងថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងកើនឡើងនាពេលខាងមុខ ដោយនៅក្នុងខែក្រោយនេះ អ្នកវិនិយោគរបស់អូទ្រីសនឹងមកទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ទូតអូទ្រីស ដែលបានចូលរួមចំណាយយ៉ាងសំខាន់នៅក្នុង ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងកម្ពុជានិងអូទ្រីស ខណៈសម្ដេចក៏បានឯកភាពចំពោះការលើកឡើងរបស់ឯកអគ្គរដ្ឋទូត ដែលធ្វើយ៉ាងណាជំរុញវិស័យពាណិជ្ជកម្ម រវាងកម្ពុជា និងអូទ្រីសមានការកើនឡើង។
សូមជម្រាប់ថា តាមរយៈជំនួបពិភាក្សាខាងលើនេះដែរ សម្តេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្ន ស្ថានភាពទំនាក់ទំនងនយោបាយការបរទេសរវាងប្រទេសទាំងពីរមានភាពរីកចម្រើនហើយ ដូច្នេះទាមទារបន្ថែមទៀតនូវការពង្រីកទំហំពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ ឱ្យមានការរីកចម្រើនទៅជាមួយគ្នាបន្ថែមទៀត សំដៅឈានទៅបំពេញផលប្រយោជន៍ដល់ប្រទេសទាំងពីរ៕ អត្ថបទ៖ហ្សាលីន


