ការបង្កើនផលិតកម្មស្រូវ ជាការរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចជាតិ និងសន្តិសុខស្បៀង ទោះបីជាអង្ករឡើងថ្លៃក្នុងកម្រិតមធ្យម

សង្គម​និង​សេដ្ឋកិច្ច

ស្របពេលតម្លៃស្រូវនៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ពោលចន្លោះពី១២០០រៀល ទៅ១៣០០រៀល ក្នុងមួយគីឡូក្រាម គេសង្កេតឃើញថាជាឱកាសល្អ និងងាយស្រួលក្នុងការលក់ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក យ៉ង សាំងកុមា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី៣០ ខែសីហា បានឱ្យដឹងថា តម្លៃស្រូវនៅតែបន្តល្អសម្រាប់កសិករ ហើយស្រូវបានថ្លៃកំពុងលើកទឹកចិត្តឱ្យកសិករបង្កើនការផលិតស្រូវ ជាពិសេសស្រូវបង្កើនរដូវ។

លោក បន្តថា ការបង្កើនការផលិតស្រូវក៏ជួយបង្កើនសន្តិសុខស្បៀងដល់សង្គមជាតិផងដែរ។ទោះបីជាអង្ករឡើងថ្លៃក្នុងកម្រិតមធ្យម ក៏ជារួមស្រូវឡើងថ្លៃ និងការបង្កើនផលិតកម្មស្រូវបន្ថែមទៀត ចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចជាតិនិងសន្តិសុខស្បៀងរបស់សង្គមជាតិទាំងមូល។

លើសពីនេះទៀត នៅពេលរាជរដ្ឋាភិបាលអនុវត្តន៍គោលនយោបាយការដាក់ពង្រាយមន្រ្តីជំនាញកសិកម្មនៅគ្រប់ឃុំដោយចាប់ផ្តើមឃុំសម្បូរស្រូវ និងគោលនយោបាយហិរញ្ញប្បទាន១០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាទីផ្សារនិងរក្សាលំនឹងថ្លៃកសិផល និងជួយលើកស្ទួយវិស័យស្រូវអង្ករដើម្បីជីវភាពកសិករ សេដ្ឋកិច្ចជាតិ និងសន្តិសុខស្បៀងកាន់តែល្អប្រសើថែមទៀត។

ពាក់ព័ន្ធនឹងតម្លៃស្រូវបន្តឡើងថ្លៃនេះ លោក វី ឡៃ ជាឈ្មួញកណ្តាលនាំចេញស្រូវពីខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង បានឱ្យដឹងថា តម្លៃស្រូវចាប់ផ្តើមឡើងខ្លាំងអំឡុងខែកក្កដា ដល់ខែសីហា ឆ្នាំ២០២៣នេះ ដោយឡើងចន្លោះពី១០ ទៅ២០រៀល ក្នុងមួយគីឡូក្រាម ក្នុងនោះប្រភេទស្រូវ IR មានតម្លៃ១២៤០រៀល ក្នុងមួយគីឡូក្រាម, ស្រូវ 5451(OM) មានតម្លៃ ១២២០រៀល ក្នុងមួយគីឡូក្រាម, ស្រូវសែនក្រអូប មានតម្លៃ១២៥០រៀល ក្នុងមួយគីឡូក្រាម, ស្រូវស្រង៉ែ ១២៣០រៀល ក្នុងមួយគីឡូក្រាម។

លោកថា ការដែលស្រូវមានតម្លៃកើនឡើងបែបនេះ បើសម្រាប់កសិករធ្វើស្រែគាត់ទទួលបានផលប្រយោជន៍ច្រើន គឺមានភាពងាយស្រួលក្នុងការលក់ ទទួលបានតម្លៃខ្ពស់ ធ្វើឱ្យមានការចំណេញច្រើន ហើយពួកគាត់សប្បាយចិត្ត លើសពីនោះក៏មានចំនួនកសិករធ្វើស្រូវកាន់តែច្រើនផងដែរ។ប៉ុន្តែ ក៏វាអាចធ្វើឱ្យប៉ះពាល់សម្រាប់អ្នកទិញអង្ករហូបផងដែរ ព្រោះអង្ករឡើងថ្លៃ។

បើតាមម្ចាស់រោងម៉ាស៊ីនកិនស្រូវ មួយកន្លែង បានឱ្យផងដែរថា បច្ចុប្បន្នអង្ករប្រភេទ 5451(OM ) មានតម្លៃ២ ៣៥០រៀល ទៅ២៤៥០រៀល ក្នុងមួយគីឡូក្រាម។ដែលតម្លៃនេះ ទើបតែមានក្នុងឆ្នាំ២០២៣នេះទេសម្រាប់ឆ្នាំមុនៗមានតម្លៃត្រឹមតែជាង១៧០០រៀល ទៅ១៨០០រៀល ប៉ុណ្ណោះក្នុងមួយគីឡូក្រាម។

លោកបន្តថា ហាងឆេងអង្ករមានការឡើងថ្លៃបន្តិចបន្តួចពិតមែន តែតម្លៃប៉ុណ្ណឹង ក៏មិនសូវមានការឡើងប៉ុន្មាននោះដែរ។ប៉ុន្តែ ទោះបីជាយ៉ាងណា ក៏ជាបញ្ហាខ្លះ សម្រាប់រោងម៉ាស៊ីនលោកផ្ទាល់ គឺបាត់បង់អតិថិជនប្រមាណ៣០ទៅ៤០% អំឡុងពេលអង្ករមានការហក់ឡើងមួយរយៈនេះ។លោកថា ចំពោះអតិថិជនដែលទិញអង្ករពីរោងម៉ាស៊ីន មានការពិបាកក្នុងការលក់បន្តបន្តិច។ដោយឡែក បើចំពោះកសិករដែលធ្វើស្រែ ជាអ្នកផលិត ឃើញថាយកស្រូវមកលក់ច្រើនមែនទែន ខណៈតម្លៃស្រូវកើនឡើងផង ធ្វើឱ្យពួកគាត់សប្បាយចិត្តនឹងបង្កើនដំណាំស្រូវមួយកម្រិតទៀត៕