កម្ពុជា-ហ្វីលីពីន ប្តេជ្ញារួមគ្នាអភិវឌ្ឍវិស័យកសិកម្ម សហគ្រាសធុនតូច និងមធ្យមទ្វេភាគី

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា-ហ្វីលីពីន​ បានប្តេជ្ញាថា នឹងរួមគ្នាអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យមទ្វេភាគីឱ្យកាន់តែរីកចំរើនថែមទៀត។ការប្តេជ្ញានេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូ កាលល្ងាចថ្ងៃទី៥ កញ្ញា ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចុះអនុស្សរណ:យោគយល់នេះ​ ត្រូវបានធ្វើឡើងរវាងអ្នក ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមបឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ជាមួយលោក ចូហ្សេ ម៉ាអេ ខនសិបសិន (JOSE MA. A CONCEPCION III) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ាន សម្រាប់ហ្វីលីន ដោយផ្តោតជាសំខាន់លើ ការលើកកម្ពស់វិស័យកសិកម្ម និងការជំរុញកាលានុវត្តភាពកសិពាណិជ្ជកម្ម ប្រកបដោយចីរភាព។

ពិធីចុះហត្ថលេខានេះដែរ គឺធ្វើឡើងក្រោមអធិបតីភាពរបស់លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន និងសម្តេច ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ដែរថា សម្តេច ហ៊ុន ម៉ាណែត បានដឹកនាំទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា កាលថ្ងៃទី៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣។ ដំណើរចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ីពេលនេះ គឺជាការបង្ហាញមុខលើកដំបូងក្នុងឆាកអន្តរជាតិរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា។

ចំពោះរបៀបវារៈសំខាន់ៗនៅកិច្ចប្រជុំនេះ រួមមានកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ស្តីពីមីយ៉ាន់ម៉ា និងសេចក្តីសម្រេចផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំអាស៊ាន។ ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សាលើទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភរួម។ក្នុងអំឡុងពេលទស្សនកិច្ចនៅរដ្ឋធានីហ្សាការតា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកប្រធានាធិបតី ចូកូ វីដូដូ។ សម្តេចនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយសមភាគីអាស៊ាន និងថ្នាក់ដឹកនាំពិភពលោកសំខាន់ៗមួយចំនួនទៀត៕ អត្ថបទ៖​ពិសី