ឯកឧត្តម ប៉ែន បូណា៖ ដំណើរបេសកកម្មការទូតរបស់សម្តចធិបតី បានធ្វើឱ្យសហគមន៍អន្តរជាតិយល់ច្បាស់ពីការឈ្លានពានរបស់ថៃមកលើកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា ដំណើរបេសកកម្មការទូតរបស់សម្តចធិបតី នាយករដ្ឋមន្ត្រីនៅលើឆាកអន្តរជាតិ បានធ្វើឱ្យសហគមន៍អន្តរជាតិយល់យ៉ាងច្បាស់ពីការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងក៏យល់ច្បាស់ពីជំហរសន្តិភាពនិយមរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការចរចាដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ច្បាប់អន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យលើកឡើងពីបេសកកម្មការទូតសម្តេចធិបតី ដោយបេសកកម្មបានចាប់ផ្តើមពីសហរដ្ឋអាម៉េរិក ដោយសម្តេចធិបតីបានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព(The Borad of Peace)នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក។ ការចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព គឺដើម្បីបង្ហាញពីសុឆន្ទៈរបស់កម្ពុជាក្នុងការគាំទ្រសន្តិភាពសកលដែលកម្ពុជាតែងតែចូលរួមជារៀងរហូតមក។

ស្របពេលនៃកិច្ចប្រជុំនោះ សម្តេចធិបតី បានផ្លាស់ប្តូរទស្សនៈជាមួយនាយករដ្ឋមន្ត្រីហុងគ្រី បានជួបពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី និងអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម និងថ្នាក់ដឹកនាំដទៃទៀត។ ក្នុងអំឡុងស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្តេចធិបតី ក៏បានទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីការបរទេស អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម អនុទីប្រឹក្សាសន្តិសុខជាតិនិងអគ្គរដ្ឋទូតតំណាងពាណិជ្ជកម្មនៃសហរដ្ឋអាម៉េរិក។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានទទួលជំនួបសម្តែងការគួរសមពីរដ្ឋមន្ត្រីការបរទេសតួកគីយ៉េ និងពីតំណាងស្ថាប័នអន្តរជាតិ នៃក្រុមប្រឹក្សាអាត្លង់ទិកផងដែរ។

ក្រៅពីពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជម្រាបជូនដៃគូសន្ទនា អំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់ថា សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា។ ក្នុងន័យនេះ សម្តេចធិបតី បានអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញនិងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់ រវាងកម្ពុជា-ថៃ ការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅផ្ទះសម្បែង និងរស់នៅដោយសុវត្ថិភាព និងការមិនគំរាម ឬមិនប្រើកម្លាំង។

បន្ថែមពីលើនេះ សម្តេចធិបតី ក៏បានផ្តល់បទសម្ភាសន៍ផ្តាច់មុខជូនសារព័ត៌មានអន្តរជាតិល្បីៗរួមមាន Reuters និង Fox News ដោយសម្តេចបានលើកឡើងយ៉ាងច្បាស់លាស់អំពីការបំពានចូលកាន់កាប់ទឹកដីកម្ពុជាពីសំណាក់កងទ័ពថៃ ការដាក់បន្លាលួស និងទូរកុងតឺន័រ ដែលរារាំងពលរដ្ឋស៊ីវិលកម្ពុជាជាច្រើនម៉ឺននាក់មិនឱ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។ សម្តេចក៏បានបង្ហាញពីជំហរច្បាស់លាស់របស់កម្ពុជាដែលមិនឈ្លានពានប្រទេសដទៃ តែក៏មិនអនុញ្ញាតឱ្យមានការឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជាជាដាច់ខាត ហើយកម្ពុជាចង់បានដំណោះស្រាយដោយសន្តិវិធី ដោយគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ។

នៅលើទឹកដីអឺរ៉ុប សម្តេចធិបតី បានទទួលពិភាក្សាការងារជាច្រើនមានដូចជា៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ អនុប្រធានកាកបាទក្រហមអន្តរជាតិ អនុប្រធានគណៈកម្មការអឺរ៉ុប អនុប្រធានសភាអឺរ៉ុប ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសប៊ែលហ្សិក និងជំនួបពិភាក្សាក្រៅផ្លូវការជាមួយប្រធានាធិបតីទីម័រឡេស្តេ ជាដើម។

បន្ថែមពីលើនេះ សម្តេចក៏បានផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខជូនទីភ្នាក់ងារសារព័ត៌មានបារាំង AFP ផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ សម្តេចធិបតីក៏បានបញ្ជាក់ជំហរចង់បន្ធូរបន្ថយភាពតានតឹងជាមួយថៃនិងចង់បានដំណោះស្រាយដោយសន្តិភាព ដោយផ្អែកលើច្បាប់ជាធំក្នុងការដោះស្រាយបញ្ហា។ សម្តេចក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជាមួយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Onlne  Scam ផងដែរ៕