កម្ពុជា-ស្រីលង្កា បានបើកិច្ចពិភាក្សគ្នា ដើម្បីរួមគ្នាជំរុញការវិនិយោគលើវិស័យភស្តុភារកសិកម្ម ឱសថ និងពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត សំដៅឈានទៅជំរុញទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរ។

កិច្ចប្រជុំនេះ បានធ្វើឡើងកាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម និងដឹកនាំដោយលោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូវិនិយោគមកពី ប្រទេសស្រីលង្ហាជាច្រើនរូប។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កិច្ចពិភាក្សាការងាររៀបចំឡើងក្នុងគោលបំណងដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីបរិយាកាសវិនិយោគ និងគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាដល់អ្នកវិនិយោគ ជាពិសេសក្នុងវិស័យភស្តុភារកសិកម្ម ឱសថ និងពាណិជ្ជកម្ម។
ពាក់ព័ន្ធនឹងការវិនិយោគនេះដែរ ក្នុងរយៈពេល៩ខែនៃ ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC ) បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧,៨ប៊ីលានដុល្លារអាម៉េរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥។
CDC បន្តថា ក្នុងខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៥៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៤៦៧លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៣៧ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៨គម្រោង និងគម្រោង វិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៧គម្រោង៕ អត្ថបទ៖ហ្សាលីន


