យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB)នៅថ្ងៃទី១៨ ខែវិច្ឆិកា បានបង្ហាញពីឯកសារស្រាវជ្រាវគោលនយោបាយ ស្តីពីការពិនិត្យលើសក្តានុពលសេដ្ឋកិច្ច និងសង្គមនៃការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញនាំចូលពីកម្ពុជាក្នុងឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ ដោយរំលេចពីភាពធន់ និងភាពងាយរងគ្រោះនៃសេដ្ឋកិច្ចជំរុញដោយការនាំចេញរបស់កម្ពុជា។

ឯកសារស្រាវជ្រាវដែលមានចំណងជើងផលប៉ះពាល់សេដ្ឋកិច្ចនៃពន្ធគយរបស់សហរដ្ឋអាមេរិកមកលើប្រទេសកម្ពុជានេះត្រូវបានចងក្រងដោយមានការគាំទ្រពីវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា។ ឯកសារនេះពិនិត្យលើករណីកម្រិតពន្ធគយចំនួនបីគឺទាប(១០%)មធ្យម (១៩%)និងខ្ពស់(៣៦%)និងផលប៉ះពាល់របស់វាដល់កំណើនសេដ្ឋកិច្ច ការងារ ភាពក្រីក្រ និងហិរញ្ញវត្ថុរបស់រដ្ឋាភិបាល នៃប្រទេសកម្ពុជា។ ការវិភាគបង្ហាញថាពន្ធគយ ១៩%ជាក់ស្តែងនាពេលបច្ចុប្បន្ន ដែលសម្រេចបានពីការចរចាទ្វេភាគីក្នុងខែសីហា ឆ្នាំ២០២៥នេះ នឹងមានផលប៉ះពាល់តិចតួចលើប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
របាយការណ៍ដដែលបង្ហាញទៀតថា ស្ថានភាពនៅតែមិនច្បាស់លាស់ និងផុយស្រួយ។ ពន្ធគយខ្ពស់នឹងពន្យឺតកំណើនសេដ្ឋកិច្ចជិត១ភាគរយធ្វើឱ្យពលរដ្ឋប្រមាណ១00 000អត់ការងារធ្វើ និងបង្កើនអត្រាភាពក្រីក្រលើសពី១ភាគរយ ដែលអាចទាញថយក្រោយនូវការវិវត្តថ្មីៗរបស់ប្រទេសក្នុងការកាត់បន្ថយភាពក្រីក្រ។ ផលប៉ះពាល់នឹងធ្ងន់ធ្ងរជាពិសេសសម្រាប់កម្មករក្នុងវិស័យកាត់ដេរ និងអេឡិចត្រូនិច ដែលអាចនាំដល់ការផ្លាស់ប្តូរទៅវិស័យដែលមានប្រាក់ចំណូលទាបជាងមុនដូចជាវិស័យកសិកម្ម និងសេវាកម្មទូទៅ។

សេដ្ឋវិទូរបស់ ADB ប្រចាំប្រទេសកម្ពុជា លោកបណ្ឌិត Milan Thomas ជាអ្នកដឹកនាំចងក្រងឯកសារស្រាវជ្រាវនេះមានប្រសាសន៍ថា “មន្ត្រីជំនាញរបស់រាជរដ្ឋាភិបាលនិងវិស័យឧស្សាហកម្មកំពុងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ក្នុងរយៈពេលជាច្រើនខែ។ ការវិភាគរបស់ពួកគាត់បង្ហាញថាពន្ធគយខ្ពស់ដែលបានដាក់កាលពីដើមឆ្នាំអាចជាបន្ទុកសេដ្ឋកិច្ចដ៏ធ្ងន់។ ប៉ុន្តែអត្រាពន្ធ ១៩%ក្នុងពេលបច្ចុប្បន្នគឺមិនអីទេ”។
ឯកសារស្រាវជ្រាវប្រើប្រាស់គំរូសិក្សាសេដ្ឋកិច្ចរបស់មជ្ឈមណ្ឌលសិក្សាគោលនយោបាយរបស់សាកលវិទ្យាល័យ Victoria និងទិន្នន័យអង្កេតគ្រួសារចុងក្រោយបង្អស់ពីវិទ្យាស្ថានជាតិស្ថិតិរបស់កម្ពុជា។ ឯកសារស្រាវជ្រាវនេះផ្តល់ជាអនុសាសន៍ថា បើមានស្ថានភាពនៃការដំឡើងពន្ធគយ វិធានការសង្គ្រោះ បណ្តោះអាសន្ន រួមមានជំនួយសង្គម សេវាកម្មការងារ និងកម្មវិធីបណ្តុះបណ្តាល អាចត្រូវបានពង្រឹងដើម្បីសម្រួលការប្រែប្រួលទីផ្សារការងារ និងការពារពលរដ្ឋដែលងាយរងគ្រោះ។ ក្នុងរយៈពេលវែងជាងនេះ ការវិនិយោគដែលកំពុងបន្ត លើសមត្ថភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច តាមរយៈហេដ្ឋារចនាសម្ព័ន្ធ មូលធនមនុស្ស និងកំណែទម្រង់អាជីវកម្ម នឹងកសាងភាពធន់របស់កម្ពុជាសម្រាប់វិបត្តិនាពេលអនាគត៕

