ADB៖ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើង ៤.៥% ក្នុងឆ្នាំ២០២៦

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើង ៤.៥% ក្នុងឆ្នាំ២០២៦ ប្រសិនបើការរំខានដល់ទីផ្សារទំនិញសកល បង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា មិនត្រូវបានអូសបន្លាយយូរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍សេដ្ឋកិច្ចពិសេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែមេសា បានបញ្ជាក់ថា ក្នុងសេណារីយោរបស់ ADB ករណីដែលស្ថានភាពនៅមជ្ឈិមបូព៌ាធូរស្រាលឆាប់រហ័ស កំណើនត្រូវបានគាំទ្រដោយដំណើរការវិស័យកម្មន្តសាលដែលមានភាពធន់។ កំណើនត្រូវបានព្យាករថានឹងកើនថែមទៀតដល់ ៥.០% នៅឆ្នាំ២០២៧ ដោយសារស្ថានភាពនៅក្រៅប្រទេសមានភាពប្រសើរឡើង ហើយកំណែទម្រង់ក្នុងស្រុកបន្តលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច។

នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Yasmin Siddiqi លើកឡើងថា «កម្ពុជាបន្តបង្ហាញភាពធន់នឹងសម្ពាធពីខាងក្រៅ។ វិស័យកម្មន្តសាលនៅតែរឹងមាំ ហើយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលកំពុងបន្តដើម្បីជំរុញវិស័យទេសចរណ៍នឹងជួយរក្សាសន្ទុះសេដ្ឋកិច្ច ទោះបីជាមានបញ្ហាប្រឈមជាសកលក៏ដោយ»។
របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ព្យាករថា វិស័យកម្មន្តសាល នឹងនៅតែជាក្បាលម៉ាស៊ីនកំណើនសំខាន់របស់សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៦ ខណៈដែលទិន្នផលឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើង ៧.៣% ដោយសារការបញ្ជាទិញសម្លៀកបំពាក់ច្រើនគួរសម និង កំណើននៃការរួមចំណែកពីវិស័យកម្មន្តសាលក្រៅពីវាយនភ័ណ្ឌ ដែលរួមមានគ្រឿងបង្គុំអគ្គិសនី សំបកកង់ និង គ្រឿងសង្ហារឹម។ កំណើនមធ្យមនៃវិស័យកសិកម្មត្រូវបានរំពឹងថានឹងបន្តទទួលបាន០.៩% ដែលគាំទ្រដោយតម្រូវការនាំចេញអង្ករ និងគ្រាប់ស្វាយចន្ទី។

រីឯកំណើនវិស័យសេវាកម្មត្រូវបានព្យាករថានឹងធ្លាក់ចុះពី ៣.៤% ក្នុងឆ្នាំ២០២៥ មកនៅត្រឹម២.៣% ក្នុងឆ្នាំ២០២៦ ដោយសារផលប៉ះពាល់នៃការបិទព្រំដែនជាមួយប្រទេសថៃ។ ការវិនិយោគផ្ទាល់ពីបរទេសនៅតែមានភាពរឹងមាំក្នុងឆ្នាំ២០២៥ ជាមួយនឹងការវិនិយោគលើទ្រព្យសកម្មថេរដែលបានអនុម័តកើនឡើង៤៥% ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិន និងការបន្តធ្វើពិពិធកម្មផ្នែកផលិតកម្មដែលមានតម្លៃបន្ថែមតែខ្ពស់។

ការប៉ះទង្គិចតម្លៃប្រេងឥន្ធនៈ ដែលអូសបន្លាយពេលយូរអាចបង្កើនថ្លៃដើមនាំចូល និង ជះឥទ្ធិពលអវិជ្ជមានដល់វិស័យ កសិកម្ម ផលិតកម្ម និងទេសចរណ៍។ ឱនភាពសារពើពន្ធត្រូវបានព្យាករថានឹងកើនឡើងបន្ថែមទៀត នៅឆ្នាំ២០២៦ ដោយសារការកើនឡើងនៃការចំណាយ រួមទាំងការគាំទ្រដល់គ្រួសារងាយរងគ្រោះ ខណៈដែលកំណើនប្រាក់ចំណូលធ្លាក់ចុះដោយសារកំណើនសេដ្ឋកិច្ចថយ។

យ៉ាងណាការសម្រេចបាននូវគោលដៅរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ទាមទារឱ្យមានការបង្កើនផលិតភាពប្រកបដោយនិរន្តរភាព ដែលគាំទ្រដោយការវិនិយោគលើមូលធនមនុស្ស៕