កម្ពុជា ជប៉ុន មានគម្រោងចង់ប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ឱ្យក្លាយជាកំពង់ផែ និងក្លាយមជ្ឈមណ្ឌលឡូជីស្ទីក ថ្នាក់តំបន់នាពេលខាងមុខ ខណៈបច្ចុប្បន្នភាគីទាំងពីរ បាននិងកំពុងពិភាក្សាការងារជាមួយគ្នាលើរឿងនេះ។

នេះបើយោងតាមជំនួបពិភាក្សាការងាររវាងលោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយគណៈប្រតិភូ នាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធនៃទីស្នាក់ការកណ្តាលទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA Headquarter) ដឹកនាំដោយលោក MANIWA Taisuke ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំ-មន្រ្តី នៃនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង និងអ្នកជំនាញការ JICA ដែលធ្វើឡើងកាលថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ អំពីវឌ្ឍនភាពនៃការរៀបចំគម្រោងអភិវឌ្ឍន៍ផែនការមេប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ឱ្យក្លាយជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីក ថ្នាក់តំបន់ ដែលបច្ចុប្បន្ន JICA បានជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសម្រាប់គម្រោងនេះរួចរាល់។
សូមជម្រាបជូនថា ក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរ នឹងចាប់ផ្តើមមកអនុវត្តការងារសិក្សារបស់ខ្លួននៅពាក់កណ្តាលខែមករា ឆ្នាំ២០២៦ និងរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម នៃគម្រោងនេះ ដែលនឹងប្រព្រឹត្តទៅនៅចុងខែមករា ឆ្នាំ២០២៦ ខាងមុខ៕អត្ថបទ៖ហ្សាលីន


