នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk រួមជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang ត្រូវបានគេរាយការណ៍ថា ស្ថិតនៅក្រោមចំណោមមេធំក្រុមហ៊ុនអាមេរិកជាច្រើនផ្សេងទៀត ដែលនឹងចូលរួមនៅក្នុងកិច្ចពិភាក្សាអំពីវឌ្ឍនភាពនៃបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យា នៅលើវេទិកាវិនិយោគអាមេរិក-អារ៉ាប៊ីសាអូឌីត ដែលរៀបចំធ្វើឡើងក្នុងទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវបានគ្រោងទុកធ្វើឡើងមួយថ្ងៃ បន្ទាប់ពីព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman បានជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯសេតវិមាន។
មិនតែប៉ុណ្ណោះ ជុំវិញកិច្ចពិភាក្សានេះ នឹងត្រូវបានសម្របសម្រួលដោយលោក Abdullah Alswaha រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មានរបស់អារ៉ាប៊ីសាអូឌីត។ ហើយបន្ទាប់ពីនោះ ទាំងលោក Musk និងលោក Huang នឹងបន្តចូលរួមក្នុងពិធីជប់លៀងមួយ ដែលលោក ត្រាំ រៀបចំឡើងសម្រាប់ព្រះអង្គម្ចាស់រាជទាយាទ ផងដែរ។
យ៉ាងណាមិញ ក្រៅតែលោក Musk និងលោក Huang ព្រឹត្តិការណ៍ក៏មានការចូលរួមពីសំណាក់មេធំក្រុមហ៊ុនលំដាប់កំពូលៗរបស់អាមេរិកផ្សេងទៀត រួមមាននាយកប្រតិបត្តិក្រុមហ៊ុន Chevron , Palantir ,Aramco , Qualcomm , Cisco , Adobe , General Dynamics និងក្រុមហ៊ុន Pfizer ផងដែរ។
ជម្រាបជូនផងដែរថា នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់ព្រះអង្គម្ចាស់ Bin Salman មកកាន់ទឹកដីសហរដ្ឋអាមេរិក គិតចាប់តាំងពីឆ្នាំ២០១៨ នេះ ព្រះអង្គកំពុងព្យាយាមផ្សព្វផ្សាយអំពីទំនាក់ទំនងអាជីវកម្មដែលកំពុងមានភាពរីកចម្រើន រវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត៕

