បំណុលគ្រួសាររបស់ម៉ាឡេស៊ី កើនឡើងដល់ប្រហែល ៤២៣ពាន់លានដុល្លារ

អន្តរជាតិ

បំណុលគ្រួសាររបស់ប្រទេសម៉ាឡេស៊ី បានកើនឡើងដល់ ១,៧៣ពាន់ពាន់លានរីងហ្គីត (ប្រហែល ៤២៣ពាន់លានដុល្លារអាមេរិក) គិតនៅត្រឹមចុងខែមីនា ទោះបីជាសមាមាត្របំណុលធៀបទៅនឹងផលិតផលក្នុងស្រុកសរុប (GDP) បានធ្លាក់ចុះបន្តិចក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា បំណុលគ្រួសារមានចំនួន ៨៤,៤% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅចុងត្រីមាសទីមួយ ដែលធ្លាក់ចុះបន្តិចបន្តួចពី ៨៤,៧% កាលពីបីខែមុន។

យ៉ាងណាមិញ យោងតាមការវាយតម្លៃរបស់រដ្ឋាភិបាលម៉ាឡេស៊ី កំណើនបំណុលនៅតែស្ថិតក្នុងជំហានរួមជាមួយនឹងការពង្រីកសេដ្ឋកិច្ច និងការកើនឡើងនៃប្រាក់ចំណូល ដែលបន្ធូរបន្ថយការព្រួយបារម្ភកន្លងមកថា ពលរដ្ឋម៉ាឡេស៊ី នឹងប្រឈមមុខទៅនឹងភាពតានតឹងខ្លាំងឡើងៗ ក្នុងចំណោមភាពមិនប្រាកដប្រជា នៅក្នុងសេដ្ឋកិច្ចពិភពលោក។

ទន្ទឹមនឹងនេះ នៅក្នុងការឆ្លើយតបជាលាយលក្ខណ៍អក្សដាក់ជូនទៅក្នុងសភា លោក Anwar ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងនោះ បាននិយាយថា រដ្ឋាភិបាល និងធនាគារកណ្តាលម៉ាឡេស៊ី បន្តតាមដានបំណុលគ្រួសារ សមត្ថភាពសងប្រាក់វិញ និងលក្ខខណ្ឌសេដ្ឋកិច្ចទូលំទូលាយ ដើម្បីធានាថាគ្រួសារអាចទប់ទល់នឹងផលប៉ះពាល់ខាងក្រៅដែលអាចកើតមាន។

នាយករដ្ឋមន្ត្រីរូបនេះ បានបន្ថែមថា អត្រា​កម្ចី​គ្រួសារ​ដែល​មាន​បញ្ហា​នៅ​តែ​មាន​ស្ថិរភាព និងកម្រិត​ទាប ពោលគឺ​នៅ​ត្រឹម ១% នៅ​ចុង​ខែ​ធ្នូ ឆ្នាំ២០២៥ បើ​ធៀប​នឹង ១,១% ក្នុង​ខែ​មិថុនា ឆ្នាំ២០២៥។ ហើយចំពោះការ​កើនឡើង​នៃ​បំណុល​គ្រួសារថ្មីៗនេះ ​ត្រូវ​បាន​ជំរុញ​ដោយមានការ​ខ្ចី​ប្រាក់​ច្រើន​ហួសហេតុពេក ប៉ុន្តែគ្រួសារទាំងនោះនៅតែមានសមត្ថភាពក្នុងការសងត្រលប់ទៅវិញបាន៕​