លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានធ្វើដំណើរចុះទៅមន្ទីរពេទ្យកាល់មែត្រ ដើម្បីសាកសួរសុខទុក្ខប្រជាជន ដែលបានរងរបួសដោយសារគ្រាប់កាំភ្លើង នៅភូមិព្រៃចាន់ និងបានឧបត្ថម្ភជាថវិកាក្នុងមួយគ្រួសារ ចំនួន ១០ ០០០ ០០០រៀល។

ក្រុមហ៊ុន ជីប ម៉ុង ជានិច្ចកាលតែងតែចូលរួមបរិច្ចាគនូវធនធាន ថវិកា និងភេសជ្ជៈជាច្រើន ដល់សកម្មភាពសង្គម កងកម្លាំងជួរមុខ និងគ្រួសារកងកម្លាំងកម្ពុជា។ ជាក់ស្តែង កាលចុងខែឧសភា ឆ្នាំ២០២៥ តបតាមប្រសាសន៍អំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ក្រុមហ៊ុន ជីប ម៉ុង ដែលមានសហស្ថាបនិក លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង បានចុះដោយផ្ទាល់ នាំយកថវិកាឧបត្ថម្ភរហូតដល់ទៅ ៤០ ម៉ឺនដុល្លារ ព្រមទាំងទឹកពិសាកម្ពុជា និងភេសជ្ជៈ ៥០០០ កេស ជូនកងទ័ពជួរមុខឈរជើងនៅព្រំដែនខេត្តព្រះវិហារ។
ជាមួយគ្នានេះ កាលថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ក្នុងឆន្ទៈគាំទ្រកសិករខ្មែរ លើកស្ទួយកសិផលក្នុងស្រុក ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ដែលមាន ជីប ម៉ុង ជាក្រុមហ៊ុនមេ បានចុះទៅទិញស្រូវដោយផ្ទាល់ដៃពីកសិករ នៅខេត្តព្រះវិហារ។ ក្រោមការដឹកនាំពី អ្នកឧកញ៉ា លាង ម៉េង ក្រុមហ៊ុនកូនខ្មែរមួយនេះ បើកយុទ្ធនាការ ប្រមូលទិញស្រូវពីកសិករ ដែលជួបការលំបាកពិតប្រាកដ ជាពិសេសនៅតំបន់ខេត្តព្រះវិហារមុនគេ ដើម្បីជួយសម្រួលទុក្ខលំបាករបស់កសិករខ្មែរមានគ្រួសារជាកងទ័ពជួរមុខ កំពុងបំពេញភារកិច្ចការពារជាតិ។ ក្នុងស្មារតី ខ្មែរជួយខ្មែរ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានប្រកាសទិញស្រូវក្នុងតម្លៃ ១,០០០ រៀល/គីឡូក្រាម ចំនួន ៥,០០០ តោន ពីគ្រប់បណ្តាប្រជាកសិករទាំងអស់ ទូទាំងប្រទេសផងដែរ៕





