អ្នកឧកញ៉ា គិត ម៉េង ទទួលស្វាគមន៍គណៈប្រតិភូអគ្គនាយកដ្ឋានគយ ទស្សនកិច្ចធនាគារវីង ដើម្បីស្វែងយល់​អំពីបច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឌីជីថល និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ

ជុំវិញ​ឧកញ៉ា

នៅព្រឹកថ្ងៃទី ១៩ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គ​នាយ​កប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប រួមជាមួយថ្នាក់ដឹកនំាជាន់ខ្ពស់របស់ធនាគារវីង បានទទួលស្វាគមន៍ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា  និងគណៈ​​ប្រតិភូ អញ្ជើញចុះបំពេញទស្សនកិច្ច ទីស្នាក់ការកណ្តាលរបស់ធនាគារវីង ដើម្បីសិក្សាស្វែងយល់អំពីការ​ប្រើប្រាស់​បច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់ធនាគារវីង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងដំណើរទស្សនកិច្ចនេះ តំណាងធនាគារវីង បានធ្វើបទបង្ហាញអំពីប្រវត្តិ និងការធ្វើប្រតិបត្តិការធនាគារឌីជីថល​របស់ខ្លួន ដោយបានបង្ហាញពីដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដែលត្រូវបានរចនាឡើងដើម្បី​ផ្តល់​សេវាកម្ម​រហ័ស សុវត្ថិភាព និងងាយស្រួលប្រើប្រាស់ដល់អតិថិជនទូទាំងប្រទេសកម្ពុជា។

ក្នុងឱកាសនេះដែរ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងធនាគារវីង បានប្រកាសថា ភាគីទាំងពីរមានគម្រោង​ចុះហត្ថលេខា​លើអនុស្សរណៈយោគយល់គ្នា នាពេលខាងមុខនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើនការធ្វើ​ទំនើប​កម្មសេវាកម្មហិរញ្ញវត្ថុ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាបន្ថែមទៀត។

ធនាគារ វីង ដែលរីកចម្រើនជាមួយកម្ពុជាអស់រយៈពេល ១៧ឆ្នាំ បានក្លាយជាស្ថាប័នហិរញ្ញវត្ថុមួយដែលទទួលបាន​ការជឿជាក់ និងច្នៃប្រឌិតបំផុត ដោយបច្ចុប្បន្នកំពុងគ្រប់គ្រងប្រាក់បញ្ញើជិត ៣ពាន់លានដុល្លារអាម៉េរិក។ បើតាម​របាយការណ៍ធនាគារជាតិនៃកម្ពុជា ឆ្នាំ២០២៤ ធនាគារ វីង ជាប់ចំណាត់ថ្នាក់ទី៥ លើទ្រព្យសកម្មសរុប និងទី៦ ផ្នែកប្រាក់បញ្ញើសរុប និងទី១០ លើការផ្តល់កម្ចីសរុប ដែលវឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីភាពរឹងមាំ​ផ្នែកហិរញ្ញវត្ថុរបស់​ខ្លួន​នៅក្នុងវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា បច្ចុប្បន្ន ធនាគារ វីង មានបណ្តាញប្រតិបត្តិការទូលំទូលាយ រួមមានសាខាធនាគារ ២៧ទីតាំង ភ្នាក់ងារជាង ១២.០០០កន្លែង និងភ្នាក់ងារវីង ម៉ាស្ទ័រ ជិត ២០០កន្លែង នៅទូទាំងប្រទេស។ មកទល់ពេលនេះ ធនាគារ វីង បានបម្រើអតិថិជនជាង ៩,៨លានគណនី ដោយផ្តល់ជូននូវដំណោះស្រាយធនាគារប្រកប​ដោយ​សុវត្ថិភាព​យ៉ាងពេញលេញ រហ័ស និងងាយស្រួលប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ៕

រូបភាព៖ CNC