យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុន ថ្មីៗនេះ បានរាយការណ៍ថា ប្រទេសចិន នឹងបញ្ឈប់ការនាំចូលអាហារសមុទ្រពីប្រទេសរបស់ខ្លួន ខណៈពេលដែលភាគីទាំងពីរកំពុងបង្កើនភាពតានតឹងរវាងគ្នា ជុំវិញបញ្ហាកោះតៃវ៉ាន់។

បើតាមទូរទស្សន៍ជប៉ុន NHK នៅថ្ងៃទី១៩ ខែវិច្ឆិកា បានដកស្រង់ប្រភពព័ត៌មានរដ្ឋាភិបាលមួយថា ទីក្រុងប៉េកាំង បានជូនដំណឹងដល់ទីក្រុងតូក្យូថា ខ្លួននឹងឈប់នាំចូលអាហារសមុទ្រពីប្រទេសជប៉ុន ដោយលើកហេតុផលថាពួកគេ កំពុងបន្តតាមដានលើទឹកសំណល់ដែលបានបញ្ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅពេលត្រូវបានគេសួរនាំអំពីបញ្ហានេះ អ្នកពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ក្រោមកាលៈទេសៈបច្ចុប្បន្ននេះ បើទោះបីជាអាហារសមុទ្រជប៉ុនត្រូវបាននាំចេញទៅប្រទេសចិនក៏ដោយ ក៏វានឹងមិនអាចរកទីផ្សារបាននោះដែរ។ លោក Mao ក៏បានសង្កត់ធ្ងន់ទៀតថា ប្រសិនបើនាយករដ្ឋមន្ត្រីជប៉ុន មិនព្រមដកការអំណះអំណាងរបស់លោកស្រី ជុំវិញបញ្ហាកោះតៃវ៉ាន់ចេញនោះទេ នោះប្រទេសចិន នឹងបន្តចាត់វិធានការឆ្លើយតប យ៉ាងម៉ឺងម៉ាត់បំផុត។
គួរឲ្យដឹងផងដែរថា ចិនបានឈប់នាំចូលអាហារសមុទ្រជប៉ុន នៅឆ្នាំ២០២៣ បន្ទាប់ពីទីក្រុងតូក្យូបានចាប់ផ្តើមចាក់សំណល់នុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រជាលើកដំបូង។ ហើយនៅពេលថ្មីៗកន្លងទៅនេះ ចិនទើបតែបានបន្តនាំចូលអាហារសមុទ្រជប៉ុនឡើងវិញ។
ប៉ុន្តែទោះជាយ៉ាងណា ស្ថានភាពបច្ចុប្បន្នរវាងប្រទេសទាំងពីរកំពុងមានភាពតានតឹងឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានមានប្រសាសន៍នៅថ្ងៃទី៧ ខែវិច្ឆិកាថា ក្នុងករណីមានការវាយប្រហារលើតៃវ៉ាន់ ទីក្រុងតូក្យូអាចដាក់ពង្រាយកងកម្លាំងការពារជាតិរបស់ខ្លួន ប្រសិនបើជម្លោះនេះបានបង្កការគំរាមកំហែងដល់ប្រទេសជប៉ុន ដោយសារតែតៃវ៉ាន់មានចម្ងាយត្រឹមតែ ១០០គីឡូម៉ែត្យប៉ុណ្ណោះ ពីកោះជប៉ុនដែលនៅជិតបំផុត៕

