អាមេរិកលក់សព្វាវុធបានលុយ ២៣៨ពាន់លានដុល្លារនៅឆ្នាំ២០២៣

អន្តរជាតិ

ការលក់អាវុធ ក៏ដូចជាប្រព័ន្ធការពារយោធារបស់សហរដ្ឋអាមេរិក ទៅកាន់រដ្ឋាភិបាលបរទេសនៅក្នុងឆ្នាំ២០២៣ បានកើនឡើង១៦% ដល់ចំនួន ២៣៨ពាន់លានដុល្លារ ខណៈប្រទេសដែលបញ្ជាទិញនោះ បានស្វះស្វែងបំពេញឃ្លាំងអាវុធ ទុកសម្រាប់ផ្ញើទៅកាន់អ៊ុយក្រែន និងត្រៀមសម្រាប់ពេលណាដែលមានជម្លោះធំៗកើតមានឡើងជាយៈថាហេតុនាពេលអនាគត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មាន Reuters បានចុះផ្សាយថា ការលក់ និងការផ្ទេរសព្វាវុធត្រូវបានចាត់ទុកថាជាឧបករណ៍គោលនយោបាយការបរទេសដ៏សំខាន់របស់សហរដ្ឋអាមេរិក ជាមួយនឹងផលប៉ះពាល់រយៈពេលវែង ដ៏មានសក្តានុពលសម្រាប់សន្តិសុខក្នុងតំបន់ និងពិភពលោក។ នេះបើតាមសេចក្តីថ្លែងការណ៍មួយដែលក្រសួងការបរទេសអាមេរិកបានលើកឡើង។

ក្នុងនោះ ការលក់សព្វាវុធទៅកាន់រដ្ឋាភិបាលបរទេសរួមមានប្រព័ន្ធគ្រាប់រ៉ុក្កែតចល័តខ្ពស់ (HIMARS) ដែលមានតម្លៃ ១០ពាន់លានដុល្លារទៅកាន់ប្រទេសប៉ូឡូញ ហើយចំណែកឯកាំជ្រួច (AMRAAM) តម្លៃ ២,៩ពាន់លានដុល្លារទៅកាន់ប្រទេសអាឡឺម៉ង់ និងប្រព័ន្ធមីស៊ីលអាកាស (NASAMS) ទៅកាន់ប្រទេសអ៊ុយក្រែន។

ទន្ទឹមនឹងនោះ ការលក់អាវុធយោធាដោយផ្ទាល់ពីក្រុមហ៊ុនអាមេរិកបានកើនឡើងពីចំនួន ១៥៣,៦ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ២០២២ ដល់ចំនួន ១៥៧,៥ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ២០២៣ ខណៈឯការលក់តាមរយៈការទូតជាមួយមន្ត្រីការពារជាតិនៅស្ថានទូតអាមេរិកបានកើនដល់ ៨០,៩ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ពីចំនួន ៥១,៩ពាន់លានដុល្លារកាលពីឆ្នាំ២០២២ ។

គួរជម្រាបថា មានវិធីសាស្ត្រធំៗពីរយ៉ាងដែលរដ្ឋាភិបាលបរទេស អាចបញ្ជាទិញអាវុធពីសហរដ្ឋអាមេរិកបាន ដោយទីមួយនោះគឺតាមរយៈការចរចារជាមួយក្រុមហ៊ុនផលិតដោយផ្ទាល់ ហើយវិធីមួយផ្សេងទៀតរដ្ឋាភិបាលបរទេសតម្រូវធ្វើការទាក់ទងទៅកាន់មន្ត្រីក្រសួងការពារជាតិនៅស្ថានទូតអាមេរិកក្នុងរដ្ឋធានីរបស់ខ្លួន ក៏ប៉ុន្តែវិធីទាំងពីរនេះក៏ត្រូវទាមទារឲ្យមានការយល់ព្រមពីរដ្ឋាភិបាលសហរដ្ឋអាមេរិកជាមុនសិនផងដែរ៕