ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលរបស់ពិភពលោក Nvidia បានច្រានចោលនូវផែនការវិនិយោគដែលមានចំនួនទឹកប្រាក់ ១ពាន់លានដុល្លារ នៅក្នុងរដ្ឋ Nuevo Leon ភាគខាងជើងប្រទេសម៉ិកស៊ិក ពោលគឺប៉ុន្មានក្រោយប៉ុណ្ណោះ បន្ទាប់ពីមន្រ្តីរបស់រដ្ឋនេះ បានផ្សព្វផ្សាយថាក្រុមហ៊ុននឹងសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅទីនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

អភិបាលរដ្ឋ Nuevo Leon លោក Samuel Garcia ថ្មីៗនេះ បាននិយាយនៅក្នុងសារមួយដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា Nvidia កំពុងមានគម្រោងចំណាយទឹកប្រាក់ ១ពាន់លានដុល្លារដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យបៃតងដែលផ្តោតលើបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំរបស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Reuters ថា ៖”Nvidia មិនមានផែនការវិនិយោគហិរញ្ញវត្ថុនៅរដ្ឋ Nuevo Leon នោះទេ។ ការគាំទ្ររបស់ក្រុមហ៊ុនចំពោះការផ្លាស់ប្តូរឌីជីថល និងវឌ្ឍនភាពបច្ចេកវិទ្យានៅអាមេរិកឡាទីន គឺគ្រាន់តែផ្អែកលើគំនិតផ្តួចផ្តើមសហប្រតិបត្តិការ ការស្រាវជ្រាវ និងការអភិវឌ្ឍទេពកោសល្យប៉ុណ្ណោះ”។
ប៉ុន្តែក្រោយមក លោក Garcia ហាក់បានកែតម្រូវព័ត៌មានទាំងនោះវិញ ដោយបានបញ្ជាក់ថា ការវិនិយោគមជ្ឈមណ្ឌលផ្ទុកទិន្នន័យអ៊ីដ្រូសែនបៃតងដែលបានគ្រោងទុកនោះ គឺជាគម្រោងមកពីក្រុមហ៊ុន CIPRE Holding របស់ប្រទេសម៉ិកស៊ិក ហើយនឹងប្រើប្រាស់បច្ចេកវិទ្យា Nvidia។
ជុំវិញរឿងរ៉ាវនេះ ទាំងខាងក្រុមហ៊ុន Nvidia និងរដ្ឋាភិបាលរដ្ឋ Nuevo Leon នៅមិនទាន់បានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយពីសំណាក់សារព័ត៌មាននៅឡើយ នោះទេ៕

