រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាខ្លួននឹងប្រកាសពីការដាក់ចេញពន្ធគយនាំចូល ១៥% លើផលិតផលប៉ូលីស៊ីលីកុន (Polysilicon) ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

គួរឲ្យដឹងថាប៉ូលីស៊ីលីកុន គឺជាវត្ថុធាតុដើមដ៏សំខាន់ដែលប្រើក្នុងបន្ទះសូឡា និងផលិតផលស៊ីមីកុងដុកទ័រ។
យ៉ាងណាមិញ ជុំវិញវិធានការចុងក្រោយនេះគឺមានគោលបំណងសំខាន់ការពាររោងចក្រប៉ូលីស៊ីលីកុនរបស់សហរដ្ឋអាមេរិក ពីមហិច្ឆតាកាន់តែខ្លាំងឡើងរបស់ប្រទេសចិន នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបសកល។
យោងតាម Reuters បានបង្ហាញទៀតថា ប្រធានាធិបតី លោក ត្រាំ មានគម្រោងដាក់ពន្ធនាំចូលអប្បបរមាលើប៉ូលីស៊ីលីកុន បន្ទះសូឡា បន្ទះស្រូមពន្លឺ photovoltaic និងម៉ូឌុល (បន្ទះសូឡា) ផងដែរ។ ហើយពន្ធនាំចូលលើផលិតទាំងនេះ អាចកើនឡើងដល់កម្រិតខ្ពស់បំផុត ១៥%។
នៅក្នុងអំឡុងពេលអាណត្តិទីពីររបស់លោក ត្រាំ នេះ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានចាប់ផ្តើមការស៊ើបអង្កេតជាច្រើនលើផលិតផលនាំចូលដើម្បីវាយតម្លៃការគំរាមកំហែងដែលអាចកើតមានចំពោះសន្តិសុខជាតិ។ ក្នុងចំណោមវិធានការទាំងនេះ ការស៊ើបអង្កេតលើប៉ូលីស៊ីលីកុនបានចាប់ផ្តើមមុនគេ កាលពីឆ្នាំមុន ដែលស្របគ្នានឹងការស៊ើបអង្កេតលើផលិតផលជាច្រើនប្រភេទទៀតដូចជា ទួរប៊ីនខ្យល់ យន្តហោះ ស៊ីមីកុងដុកទ័រ ឡានដឹកទំនិញធុនធ្ងន់ ទង់ដែង ឈើ និងរ៉ែយុទ្ធសាស្ត្រ ផងដែរ។
គួរជម្រាបជូនថា ថ្មីៗនេះកាសែត South China Morning Post របស់ចិន បានកត់សម្គាល់ថា សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងសហរដ្ឋអាមេរិក និងទីក្រុងប៉េកាំងកំពុងកើនឡើងយ៉ាងខ្លាំង។ ភាគីទាំងពីរកំពុងព្យាយាមទទួលបានអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រ ដោយធ្វើការគំរាមកំហែងកាត់ផ្តាច់ការចូលទៅប្រើប្រាស់ធនធាន និងបច្ចេកវិទ្យាសំខាន់ៗរវាងគ្នាទៅវិញទៅមក៕

