ចក្រភពអង់គ្លេសបានរៀបចំសន្និសីទមួយដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ អំពីការបើកច្រកសមុទ្រ Hormuz ឡើងវិញ ជាមួយប្រទេសជាង ៣០ ប៉ុន្តែមិនបានអញ្ជើញសហរដ្ឋអាមេរិកឲ្យចូលរួមដែរនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានលើកឡើងនៅថ្ងៃទី១ ខែមេសាថានេះជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ទីក្រុងឡុងដ៍ និងទីក្រុងប៉ារីស ដើម្បីប្រមូលផ្តុំមធ្យោបាយការទូត និងនយោបាយដែលមានទាំងអស់ ដើម្បីស្តារសេរីភាពនៃការធ្វើនាវាចរណ៍ ធានាសុវត្ថិភាពរបស់កប៉ាល់ និងនាវិកដែលជាប់គាំង ក៏ដូចជាសម្រួលដល់ការដឹកជញ្ជូនទំនិញសំខាន់ៗ ឆ្លងកាត់តាមច្រកសមុទ្រ Hormuz។
យ៉ាងណាមិញ សន្និសីទដ៏ធំនេះ ត្រូវបានគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២ ខែមេសា ដោយមានការចូលរួមពីប្រទេសចំនួន ៣៥ ប៉ុន្តែក្នុងនោះទីក្រុងវ៉ាស៊ីនតោន មិនត្រូវបានអញ្ជើញឲ្យចូលរួមនោះទេ បើទោះបីជាមានការចូលរួមដោយផ្ទាល់នៅក្នុងជម្លោះក៏ដោយ។
ជម្រាបជូនថា ការិយាល័យនាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស បាននិយាយថា អ្នកចូលរួមសន្និសីទនេះ គឺជាប្រទេសដែលបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយកាលពីខែមុន ដោយអំពាវនាវឲ្យមានការបើកច្រកសមុទ្រ Hormuz ឡើងវិញ រួមមានប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ អូស្ត្រាលី ជប៉ុន កាណាដា កូរ៉េខាងត្បូង នូវែលសេឡង់ នីហ្សេរីយ៉ា និងអារ៉ាប់រួម (UAE) ជាដើម៕

