លោក Huang Xinliang អគ្គនាយករងក្រុមហ៊ុន Hangxiao Steel Structure ដែលជាក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំមួយរបស់ចិន បានបង្ហាញពីបំណងចង់ទៅវិនិយោគនៅប្រទេសកម្ពុជានាពេលខាងមុខ។

នេះបើយោងតាមជំនួបពិភាក្សារវាងលោក យក់ ឧសភា អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គកុងស៊ុលកម្ពុជា ជាមួយ លោក Huang Xinliang អគ្គនាយករងក្រុមហ៊ុន Hangxiao Steel Structureកាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅស្ថានឯកអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ។
ជាកិច្ចចាប់ផ្តើម លោក Huang Xinliang អគ្គនាយករងក្រុមហ៊ុន Hangxiao Steel Structure បានសម្តែងអារម្មណ៍សប្បាយរីករាយ និងបានរៀបរាប់អំពីប្រវត្តិរបស់ក្រុមហ៊ុនរបស់លោក ព្រមទាំងបានបង្ហាញពីចំណាប់អារម្មណ៍អំពីឱកាសវិនិយោគនៅប្រទេសកម្ពុជា និងបានឯកភាពលើការបន្តជួបភាគីកម្ពុជានៅខែបន្ទាប់ និងបានអញ្ជើញភាគីកម្ពុជាទៅទស្សនកិច្ចសិក្សានៅក្រុមហ៊ុនរបស់លោកនៅទីក្រុងហានចូវ ខេត្តជឺជាង ក្នុងពេលខាងមុខផងដែរ។
ជាការឆ្លើយតប លោកអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនរបស់លោក Huang ដែលមានបំណងចង់ទៅវិនិយោគនៅប្រទេសកម្ពុជា ព្រមទាំងបានលើកឡើងអំពីចំណុចលើកទឹកចិត្តមួយចំនួនដែលមានចែងក្នុងច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា និងបន្តណាត់ជួបក្រុមហ៊ុនរបស់លោក Huang បន្ថែមទៀត ដើម្បីបន្តនូវវឌ្ឍនភាព និងឈានទៅដល់កិច្ចសហប្រតិបត្តិការក្នុងពេលខាងមុខឆាប់ៗនេះ។
សូមជម្រាបជូនថា ក្រុមហ៊ុន Hangxiao Steel Structure បានបង្កើតឡើងនៅឆ្នាំ ១៩៨៥ រហូតមកដល់ពេលនេះ ជាក្រុមហ៊ុនមួយដែលមានការបោះសម្លេងក្នុងប្រទេសចិន ដែលវិនិយោគលើវិស័យរចនាសម្ព័ន្ធដែក ផ្លូវដែក ស្ពាន មជ្ឍមណ្ឌលពាណិជ្ជកម្ម ព្រលានយន្តហោះ ការរចនាម៉ូតគម្រោង ការផលិតនិងសាងសង់៕ អត្ថបទ៖ហ្សាលីន


