គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត តម្លៃជិត១៤០០ លានដុល្លារ ឈានដល់ការចុះកិច្ចសន្យាភាពជាដៃគូ និងធ្វើការសាងសង់ហើយ

សង្គម​និង​សេដ្ឋកិច្ច

គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ដែលមានតម្លៃទុនវិនិយោជិត១៤០០លានដុល្លារអាមេរិក បានឈានមកដល់រៀបចំពិធីចុះហត្ថលេខា លើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន តាមក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយនិងតំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន ហៅកាត់ថាCRBC នៅព្រឹកថ្ងៃទី១៨ ឧសភានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះគ្រោងចុះហត្ថលេខានៅប្រទេសចិននៅពេល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអញ្ចើញទៅទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិនកន្លងមក។ប៉ុន្តែពេលនោះ យើងមិនបានចុះហត្ថលេខាទេ ដោយសារនីតិវិធីផ្ទៃក្នុងរបស់ចិន រៀបចំមិនទាន់បានសព្វគ្រប់ ដូច្នេះនាយករដ្ឋមន្ត្រីទំាងពីរប្រទេសមិនអាចធ្វើជាសាក្សីនៃការចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជនបានទេ។

លោក ស៊ុន ចាន់ថុល បញ្ជាក់ថា «ឥលូវនេះ នីតិវិធី និងបែបបទទំាងអស់ទំាងខាងកម្ពុជា និងចិន បានធ្វើចប់សព្វគ្រប់ហើយ ដូច្នេះនៅថ្ងៃនេះ យើងរៀបចំធ្វើការចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ហើយនឹងត្រៀមបើកការដ្ឋានក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៅថ្ងៃទី៧ ខែមិថុនា ឆ្នំា២០២៣ ខាងមុខនេះ»។

ពាក់ព័ន្ធនឹងគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាវិត បើយោងតាមក្រសួង បានបង្ហាញថា កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯក ត្រូវបានចែកចេញជាពីរផ្នែកសំខាន់ៗ រួមមាន៖ ១.កិច្ចសន្យា PPP ដែលចែងអំពីគោលការណ៍រួមសំខាន់ៗសម្រាប់អនុវត្តការសាងសង់ និងដាក់ឱ្យប្រតិបត្តិការផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងបាវិត និង ២. ឯកសារឧបសម្ព័ន្ធពាក់ព័ន្ធ ដែលមានចែងលម្អិតអំពីការអនុវត្តគោលការណ៍ ដែលបានឯកភាពគ្នាជាគោលការណ៍នៅក្នុងកិច្ចសន្យា។ ទន្ទឹមនេះ កិច្ចសន្យា PPP នេះ ក៏ត្រូវបានរៀបចំ និងអនុវត្ត ក្រោមក្របខណ្ឌច្បាប់ស្ដីពី PPP និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដោយឈរលើគោលការណ៍មិនផ្តល់កិច្ចធានាសម្រាប់គម្រោង និងរក្សា “ខ” និងលក្ខខណ្ឌនៃកិច្ចសន្យា ដូចគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ត្រូវបានឯកភាពគ្នាជាគោលការណ៍ ក្រោមកិច្ចសន្យា PPP ដែលបានចុះហត្ថលេខានាឱកាសនេះ មានប្រវែង១៣៥,១០ គីឡូម៉ែត្រ សាងសង់ជា៤ គន្លង ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។

បើតាមក្រសួង បានបញ្ជាក់ថា « គម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិត សាងសង់ជាមួយទុនវិនិយោគប្រមាណ ១,៣៥ ពាន់លានដុល្លារអាមេរិក និងរយៈពេលសាងសង់៤ឆ្នាំ ក្រោមទម្រង់វិនិយោគសាងសង់ប្រតិបត្តិការផ្ទេរ ហៅកាត់ថា BOT ដូចគ្នាទៅនឹងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែរ ហើយក្រុមហ៊ុននឹងធ្វើប្រត្តិបត្តិការរយៈពេល៥០ឆ្នាំ មុនពេលផ្ទេរជូនរាជរដ្ឋាភិបាល»។

ដោយឡែកហិរញ្ញប្បទានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នឹងត្រូវប្រើប្រាស់ប្រភពពីថវិកាជាតិ ដោយនឹងផ្ដល់កិច្ចសន្យាសាងសង់នេះទៅក្រុមហ៊ុន CRBC ដូចគ្នា ដែលនាំឱ្យការធ្វើដំណើរឆ្លងកាត់ស្ពាននេះ នឹងមិនមានការគិតប្រាក់ឡើយ។ ការសាងសង់ស្ពាននេះ ត្រូវអនុវត្តឱ្យបានរួចរាល់មុន ឬដំណាលគ្នាទៅនឹងការបើកដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត តាម “ខ” និងលក្ខខណ្ឌ ដូចមានចែងនៅក្នុងកិច្ចសន្យា PPP។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នឹងត្រូវតភ្ជាប់ជាមួយគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់ប្រទេសវៀតណាម ដែលរំពឹងថា នឹងរួចរាល់ក្នុងពេលដំណាលគ្នា។ គម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-ក្រុងបាវិតនេះ នឹងប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលគម្រោងផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-ក្រុងសៀមរាប គ្រោងនឹងបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនៅចុងខែឧសភានេះ គ្រោងនឹងចុះអនុស្សារណៈនៃការយោគយល់ (MoU) ក្នុងពេលឆាប់ៗនេះផងដែរ៕

អត្ថបទ៖សារេត