អ្នកឧកញ៉ា សៀ ឬទ្ធី ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងជំនួបពិភាក្សាការងារជាមួយតំណាងវិទ្យាស្ថាន Lowy Institute

សមាគមឧកញ៉ាកម្ពុជា

ទីក្រុងស៊ីដនី, ប្រទេសអូស្ត្រាលី៖ នាថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) អ្នកឧកញ៉ា សៀ ឬទ្ធី បានបន្តដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយតំណាងវិទ្យាស្ថាន Lowy Institute លោកស្រី Susannah Patton ប្រធានស្តីទីផ្នែកស្រាវជ្រាវ ក្នុងជំនួបទទួលទានអាហារថ្ងៃត្រង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាកិច្ចចាប់ផ្តើម លោកស្រី Susannah Patton បានជម្រាបជូនអំពីកិច្ចការងាររបស់វិទ្យាស្ថាន និងការស្រាវជ្រាវទាក់ទងនឹងគោលនយោបាយអន្តរជាតិនៅលើពិភពលោក និងកិច្ចការពាណិជ្ជកម្មនៅក្នុងតំបន់។ ជាក់ស្តែងនាពេលថ្មីៗនេះ វិទ្យាស្ថានបានសិក្សាអំពីលំហូរហិរញ្ញវត្ថុ និងជំនួយសម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងយុទ្ធសាស្រ្តពាក់ព័ន្ធមួយចំនួននៅក្នុងតំបន់។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគ និងសក្តានុពលរបស់កម្ពុជាសម្រាប់ការវិនិយោគនាពេលបច្ចុប្បន្ន ដោយបានសង្កត់ធ្ងន់លើគោលនយោបាយ និងទស្សនវិស័យប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ប្រមុខដឹកនាំកម្ពុជាដែលមាននិន្នាការលើកកម្ពស់ និងការពារសុខសន្តិភាព ស្ថិរភាពនៅទូទាំងប្រទេសនិងក្នុងតំបន់។ 

សូមបញ្ជាក់ថា Lowy Institute គឺជាវិទ្យាស្ថានឯករាជ្យឈានមុខគេមួយនៅក្នុងប្រទេសអូស្ត្រាលីដែលទទួលបានការវាយតម្លៃខ្ពស់លើលទ្ធផលនៃការស្រាវជ្រាវរបស់វិទ្យាស្ថាន និងឥទ្ធិពលនៃការសិក្សាទាំងនេះទៅលើគោលនយោបាយទាំងក្នុងប្រទេសអូស្ត្រាលី និងនៅទូទាំងពិភពលោក៕