នាល្ងាចថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតដល់គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា សៀ ឬទ្ធី និងលោក Dato’ Amir Firdaus Abdullah ប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុន Aurelius Healthcare ចូលសម្តែងការគួរសម និងពិភាក្សាការងារនាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ដោយមានការចាត់តាំងពី លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា, អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគម និងជាប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈនិងអន្តរជាតិ បាននិងកំពុងដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដែលមានសមាសភាពសរុបចំនួន ១៨រូប ចូលរួមអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសម៉ាឡេសុី ចាប់ពីថ្ងៃទី២៥-២៧ ខែឧសភា ឆ្នាំ២០២៥ និងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា ក្រុមហ៊ុន Aurelius Healthcare ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ដោយមានគោលបំណងបង្កើតនូវទម្រង់នៃការថែទាំសុខភាពពិសេសមួយ ដើម្បីផ្តោតលើការថែទាំសុខភាពបែបឯកជនកម្រិតមធ្យម និងការផ្តល់សេវាថែទាំសុខភាពដោយសមធម៌សម្រាប់អ្នកជំងឺ និងបុគ្គលិកថែទាំសុខភាព។ ក្រុមហ៊ុន Aurelius Healthcare មានមន្ទីរពេទ្យដៃគូចំនួន៣ នៅប្រទេសម៉ាឡេស៊ី និងចំនួន៦ នៅឥណ្ឌូចិន ក្នុងនោះ មានមន្ទីរពេទ្យចំនួន២ នៅប្រទេសកម្ពុជា ដូចជា៖ មន្ទីរពេទ្យ Orienda International Hospital និងមន្ទីរពេទ្យ Orchid Koh Pich Hospital ដែលមានគ្រែសម្រាកព្យាបាលសរុបចំនួន១៧០៕



