លោក ស៊ុន ចាន់ថុល ស្នើក្រុមហ៊ុនអូស្រ្តាលីជួយពង្រឹងសមត្ថភាពយុវជនកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើក្រុមហ៊ុនអូស្រ្តាលីជួយពង្រឹងសមត្ថភាពយុវជនកម្ពុជា ដើម្បីត្រៀមសម្រាប់ផ្គត់ផ្គង់ដល់ផ្នែកឯកជនតាមតម្រូវការបច្ចេកទេស។ លោកស្នើបែបនេះ នៅក្នុងជំនួបពិភាក្សាជាមួយ គណៈប្រតិភូក្រុមហ៊ុន RMA Cambodia និង BKI Group របស់អូស្ត្រាលី [English Below] កាលទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាពីផែនការយុទ្ធសាស្រ្តរបស់មជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា( ACEC) លើគម្រោងរៀបចំឱ្យមានការបណ្ដុះបណ្ដាល និងបំពាក់បំប៉នជំនាញជូនដល់យុវជនកម្ពុជាលើវិស័យយានយន្ត និងវិស័យពាក់ព័ន្ធផ្សេងទៀត ក្រោមកិច្ចសហការរវាង ក្រុមហ៊ុន RMA Cambodia និង ក្រុមហ៊ុន BKI Group។ កិច្ចសហការនេះ ក៏ស្នើសុំឱ្យមានការគាំទ្រពីរាជរដ្ឋាភិបាល ពីក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីបានជាធាតុចូល និងអាចជំរុញឱ្យក្រុមហ៊ុនដាក់ចេញនូវយុទ្ធសាស្រ្តពង្រឹងជំនាញយុវជន ត្រៀមសម្រាប់ផ្គត់ផ្គង់ដល់ផ្នែកឯកជនតាមតម្រូវការបច្ចេកទេស។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានស្វាគមន៍លើកិច្ចសហការរវាងក្រុមហ៊ុនទាំងពីរ ក្នុងការផ្តល់ឱកាសឱ្យយុវជនបានបង្កើនជំនាញបច្ចេកទេសឱ្យកាន់តែល្អប្រសើរថែមទៀត។ លោក ក៏បញ្ជាក់ពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលមូលធនមនុស្ស ជាពិសេសការពង្រឹងសមត្ថភាពលើក្រុមយុវជនក្នុងវិស័យឧស្សាហកម្មយានយន្តផ្ទាល់ ដោយហេតុថាកម្លាំងពលកម្មដែលមានជំនាញច្បាស់លាស់ នឹងចូលរួមផ្ដល់តម្លៃបន្ថែមដល់សេដ្ឋកិច្ច ហើយកិច្ចការងារនេះក៏ស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជា ដែលកំពុងជំរុញលើកទឹកចិត្តការវិនិយោគលើវិស័យឧស្សាហកម្មយានយន្ត ការផ្គុំតម្លើង និងឧស្សាហកម្មគ្រឿងអេឡិចត្រូនិចជាដើម។

ឆ្លៀតឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងអាម៉េរិក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ដែលជាបច្ច័យល្អមួយសម្រាប់ការធ្វើពាណិជ្ជកម្ម និងផ្ដល់ភាពច្បាស់លាស់ជូនដល់ពាណិជ្ជករ និងវិនិយោគិន។

សូមជម្រាបថា ភ្ជាប់ទៅប្រធានបទខាងលើនេះដែរ ដើម្បីជំរុញសុខុមាលភាពប្រជាជនឱ្យកាន់តែប្រសើរឡើង ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានស្នើឱ្យក្រុមហ៊ុនចូលរួមចំណែកឱ្យបានសកម្មក្នុងសកម្មភាពទំនួលខុសត្រូវសង្គម ពិសេសពាក់ព័ន្ធនឹងការរៀបចំគ្លីនិកចល័ត (Mobile Clinic)  ដើម្បីគាំទ្រការផ្ដល់សេវាថែទាំសុខភាពជូនពលរដ្ឋ នៅតាមតំបន់ដាច់ស្រយាល និងតំបន់ងាយរងគ្រោះនានា។ ជាការឆ្លើយតប លោកតំណាងក្រុមហ៊ុន RMA Cambodia បានបង្ហាញឆន្ទៈក្នុងការចូលរួមចំណែកគាំទ្រដល់សកម្មភាពខាងលើ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់លើបញ្ហាសង្គម នៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ជាមួយនឹងរាជរដ្ឋាភិបាលផងដែរ៕អត្ថបទ៖ហ្សាលីន