លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្រសួងរ៉ែ និងថាមពល បានដាក់គោលការណ៍រួមថាកាត់បន្ថយពេលវេលា និងក្រដាសស្នាមឱ្យបាន៥០%បន្ថែមទៀត លើអ្វីដែលបានកាត់រួចហើយពីដើមអាណត្តិ។

លោកបានឱ្យដឹងបែបនេះ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងនោះ លោកក៏បានស្នើឱ្យអាជ្ញាធរអគ្គិសនីចេញបទបញ្ញត្តិ២៖ ទី១ កាត់បន្ថយរយៈពេលភ្ជាប់ចរន្តឱ្យអតិថិជនធុនតូច ដែលស្នើសុំប្រើប្រាស់កម្លាំងពី១ហ្វា៦៣អំពែ ឬ៣ហ្វា២០អំពែ មកត្រឹម៨ថ្ងៃធ្វើការ(ខណៈពីមុន១៥ថ្ងៃធ្វើការ)ដើម្បីសម្រួលឱ្យអាជីវកម្មគ្រប់លំដាប់ពាក់ព័ន្ធនឹងការងារនេះគឺអាចដំណើរការបានយ៉ាងរហ័ស ។ និងទី២ លើកលែងថ្លៃតភ្ជាប់ចរន្តអគ្គិសនីឱ្យអតិថិជនចាប់ពីកម្លាំង ៥អំពែ ១០អំពែ និង២០អំពែ និងកាត់បន្ថយ៥០% ដូចគ្នាចំពោះពេលវេលាផងដែរ ដើម្បីជួយសម្រួលដល់ការតភ្ជាប់ចរន្តថ្មីសម្រាប់លំនៅដ្ឋានរបស់បងប្អូន។
សូមបញ្ជាក់ថា បទបញ្ញត្តិដែលរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានដាក់ទៅកាន់អាជ្ញាធរអគ្គិសនី គឺចាត់ទុកថាជាវិធានការថ្មីឆ្នាំ២០២៦ ដែលត្រូវអនុវត្តទាំងអគ្គិសនីកម្ពុជាទាំងសេវាករទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦នេតទៅ៕

