ធនាគារជាតិ ជំរុញម៉ាឡេស៊ី ឱ្យបន្តចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានជំរុញ និងលើកទឹកចិត្តទៅកាន់ធនាគារម៉ាឡេស៊ី ឱ្យបន្តចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មកម្ពុជា ដើម្បីជំរុញសេដ្ឋកិច្ចកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សារវាងលោកស្រី ជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន អ អេច ប៊ី ប៊ែងឃីងគ្រុប នៃប្រទេសម៉ាឡេស៊ី ដឹកនាំដោយ លោក Nurjesmi bin Mohd Nashir នាយកគ្រប់គ្រងសាជីវកម្ម និង លោក Danny Quah Boon Leng នាយកគ្រប់គ្រងអាជីវកម្មអន្តរជាតិ កាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងជំនួបនេះ លោក Danny Quah Boon Leng បានជម្រាបពីវឌ្ឍនភាពប្រតិបត្តិការរបស់ ធនាគារអ អេច ប៊ី (ខេមបូឌា) នៅកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និងបានលើកសរសើរពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសការរីកចម្រើននៃប្រព័ន្ធទូទាត់បាគង។ លើសពីនេះ ភាគទុនិកក្រុមហ៊ុន អ អេច ប៊ី ប៊ែងឃីងគ្រុប ក៏បានបញ្ជាក់ពីការប្តេជ្ញាបន្តពង្រឹង និងពង្រីកប្រតិបត្តិការនៅកម្ពុជាថែមទៀត តាមរយៈប្រតិបត្តិការ ធនាគារ អ អេច ប៊ី (ខេមបូឌា) និងបន្តចូលរួមលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យធនាគារ។

ជាការឆ្លើយតប លោកស្រី ជា សិរី ក៏បានចែករំលែកទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងស្ថិរភាពប្រព័ន្ធធនាគារ ព្រមទាំងសារៈសំខាន់នៃការលើកកម្ពស់តម្លាភាពហិរញ្ញវត្ថុផងដែរ។ជាងនេះទៀត តាមរយៈជំនួបខាងលើ លោកស្រី ជា សេរី ក៏បានថ្លែងអំណរគុណចំពោះការតាំងចិត្តក្នុងការពង្រីកប្រតិបត្តិការនៅកម្ពុជា និងបានលើកទឹកចិត្តឱ្យបន្តចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងផលិតកម្មកែច្នៃនានានៅកម្ពុជាផងដែរ៕អត្ថបទ៖ហ្សាលីន