កសិករជិត២០០គ្រួសារ នៅស្រុកព្រះសេ្តច រួមគ្នាចងក្រងជាសហគមន៍កសិកម្មទំនើប លើដំណាំបន្លែ

សង្គម​ និង​សេដ្ឋកិច្ច

កសិករ១៧១ គ្រួសារ នៅស្រុកព្រះសេ្តច ខេត្តព្រៃវែង បានរួមគ្នាចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានការធានាថ្លៃទីផ្សារទុកជាមុន កាត់បន្ថយចំណាយថ្លៃដើមផលិត និងមានលទ្ធភាពទទួលបានការគាំទ្រខាងផ្នែកដើមទុន និងបច្ចេកទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើបព្រះស្ដេច នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយមានការចូលរួមពី លោក ហ៊ី បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ លោកប្រធានមន្ទីរកសិកម្មខេត្ត  មន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម អភិបាលរងស្រុក អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ និងប្រជាកសិករប្រមាណ១៣៥ នាក់។

ក្នុងឱកាសនោះ លោកអនុរដ្ឋលេខាធិការ បានសម្ដែងការអបអរសាទរ និងក្ដីរីករាយយ៉ាងខ្លាំងជាមួយបងប្អូនប្រជាកសិករដែលបានមើលឃើញពីអត្ថប្រយោជន៍ និងរួមគ្នាចងក្រងជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំបន្លែនាពេលនេះ ដើម្បីទទួលបានការធានាថ្លៃទីផ្សារទុកជាមុន កាត់បន្ថយចំណាយថ្លៃដើមផលិត និងមានលទ្ធភាពទទួលបានការគាំទ្រខាងផ្នែកដើមទុន និងបច្ចេកទេស។

លោកបានបញ្ជាក់ថា សហគមន៍កសិកម្មទំនើបព្រះស្ដេច ដែលត្រូវបានបង្កើតឡើងនៅថ្ងៃនេះ មានសមាជិកចូលរួមចំនួន ១៧១ គ្រួសារ ដែលមានផ្ទះសំណាញ់ចំនួន ២៥១ ខ្នង លើទំហំផ្ទៃដី១០ ហិកតា សម្រាប់ដាំដុះដំណាំបន្លែ ហើយទៅថ្ងៃអនាគតសហគមន៍នេះ មានគម្រោងពង្រីកផលិតកម្មរបស់ខ្លួនបន្ថែមទៀត ដោយការចិញ្ចឹមគោ និងបង្កបង្កើនផលដំណាំស្រូវ។

ជាមួយគ្នានោះ លោកក៏បានសំណូមពរ និងផ្ដាំផ្ញើដល់បងប្អូនប្រជាកសិករជាសមាជិកសហគមន៍ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការដាំដុះ ថែរក្សាបន្លែឱ្យបានល្អ ដោយផ្តោតលើបរិមាណ និងគុណភាព សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ និងស្ដង់ដារផលិតកម្មរបស់សហគមន៍៕