នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម័យប្រឡងស្នាដៃសិល្បៈ ឆ្នាំសិក្សា២០២៥-២០២៦ នៅសាលាមធ្យមវិចិត្រសិល្បៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សប្រមាណជាង ៤០០នាក់។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យបានផ្តល់អនុសាសន៍សំខាន់ៗ ដោយបានចង្អុលបង្ហាញ និងជំរុញឱ្យលោកគ្រូអ្នកគ្រូទាំងអស់បន្តអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ទាំងផ្នែកបច្ចេកទេស គរុកោសល្យ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន រួមទាំងភាសារបរទេស ដើម្បីផ្លាស់ប្តូរវិធីសាស្ត្របង្រៀនឱ្យកាន់តែទាន់សម័យ និងប្រែក្លាយសិស្សានុសិស្សឱ្យទៅជាពលរដ្ឋសកល។
ជាមួយគ្នានេះ លោកជំទាវបានដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់ក្មួយៗសិស្សានុសិស្សឱ្យខិតខំស្រាវជ្រាវរៀនសូត្រ ប្រព្រឹត្តតែ «អំពើល្អ» និងត្រូវចងចាំជានិច្ចថា ការស្រឡាញ់ខ្លួនឯង គ្រួសារ និងសង្គមជាតិ គឺត្រូវនៅឱ្យឆ្ងាយដាច់ខាតពីគ្រឿងញៀន។
ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋមន្ត្រីក៏បានកោតសរសើរចំពោះគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ និងបេក្ខជនប្រឡងទាំងនៅសាលាមធ្យមវិចិត្រសិល្បៈ និងសាលាវិចិត្រសិល្បៈភូមិភាគខេត្តសៀមរាប ដែលបានខិតខំបង្កើតបានស្នាដៃប្រឡងបញ្ចប់ការសិក្សាជាង ៧០ស្នាដៃ។ លើសពីនេះ លោកជំទាវបានស្នើឱ្យមាតាបិតា និងអាជ្ញាធរដែនដី បន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសាលារៀន និងការថែរក្សាសុខភាពអនាម័យក្នុងគ្រឹះស្ថានសិក្សា។
ជាទីបញ្ចប់ លោកជំទាវបណ្ឌិតសភាចារ្យបានផ្តាំផ្ញើឱ្យសិស្សានុសិស្សទាំងអស់ចាត់ទុកថ្ងៃនេះជាការបើកទំព័រថ្មីនៃជីវិត និងត្រូវបន្តការសិក្សាទៅកម្រិតឧត្តមសិក្សា ដើម្បីយកជំនាញ និងទេពកោសល្យសិល្បៈទាំងនេះទៅកសាងអាជីព បង្កើនកម្រិតជីវភាព និងបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯង និងសង្គមជាតិ៕





