កម្ពុជា-មីយ៉ាន់ម៉ា បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញការវិនិយោគ និងពង្រីកកិច្ចសហប្រតិបត្តិការអាជីវកម្មលើវិស័យទេសចរណ៍ទ្វេភាគីឱ្យកាន់តែប្រសើរថែមទៀត ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក។ នេះបើតាមជំនួបពិភាក្សា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ រវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក U Kyaw Bohne Naing ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍នៃសហភាពមីយ៉ាន់ម៉ា (UMTA)។

តាមរយៈជំនួប ភាគីទាំងពីរ បានឯកភាពជំរុញការរៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍រួមគ្នា កម្មវិធីទស្សនកិច្ចសិក្សា (FAM Trip) វេទិកាធុរកិច្ចទេសចរណ៍ (B2B Forum) និងការអភិវឌ្ឍកញ្ចប់ទស្សនកិច្ចថ្មីៗ ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ លើសពីនេះ ភាគីទាំងពីរ ក៏នឹងពិភាក្សាអំពីការលើកទឹកចិត្តដល់សហគ្រាសទេសចរណ៍ ប្រតិបត្តិករសណ្ឋាគារ ភ្នាក់ងារទេសចរណ៍ និងវិនិយោគិនរបស់មីយ៉ាន់ម៉ា ឱ្យស្វែងរកឱកាសវិនិយោគ និងពង្រីកកិច្ចសហប្រតិបត្តិការអាជីវកម្មលើវិស័យទេសចរណ៍នៅកម្ពុជា សំដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ផងដែរថា សមាគមទីភ្នាក់ងារទេសចរណ៍នៃសហភាពមីយ៉ាន់ម៉ា (UMTA) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ និងជាស្ថាប័នតំណាងដ៏សំខាន់បំផុតមួយនៃវិស័យទេសចរណ៍ឯកជននៅមីយ៉ាន់ម៉ា ដែលមានសមាជិកប្រមាណ ១,០០០ អង្គភាព។ សមាគមនេះបានដើរតួនាទីយ៉ាងសកម្មក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍សំខាន់ៗរបស់មីយ៉ាន់ម៉ា ដូចជា យ៉ាងហ្គូន បាកាន មណ្ឌាល័យ និងបឹងអ៊ីនឡេ ហើយត្រូវបានទទួលស្គាល់ថាជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍របស់មីយ៉ាន់ម៉ា។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦លាននាក់ ក្នុងនោះមានភ្ញៀវទេសចរមីយ៉ាន់ម៉ាប្រមាណ ៣៧.០០០នាក់។ ដោយឡែក ក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១,៣លាននាក់ ក្នុងនោះមានភ្ញៀវទេសចរមីយ៉ាន់ម៉ាជាង១០,០០០នាក់៕ អត្ថបទ៖ហ្សាលីន


