រដ្ឋមន្ត្រី ជា សុផារ៉ា៖ ក្នុងឧទ្យានជាតិអង្គរសព្វថ្ងៃមានសំណង់ខុសច្បាប់ជាង ៨ពាន់ករណី

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងរៀបចំដែនដី បានបង្ហាញថា នាដើមឆ្នាំ២០២២ មានអ្នកឆ្លៀតឱកាសសាងសង់សំណង់ខុសច្បាប់រាប់រយករណី បន្ថែមពីលើករណីសំណង់ខុសច្បាប់ជាច្រើនទៀតដែលបានរំលោភបំពាន នាពេលកន្លងមក ក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី បានដាក់លក្ខខណ្ឌដាច់ណាត់ឱ្យម្ចាស់សំណង់ខុសច្បាប់ទាំងអស់នេះ ត្រូវរុះរើចេញជាបន្ទាន់ដោយផ្ទាល់ខ្លួន។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា ត្រូវបន្តចាត់វិធានការទប់ស្កាត់ការសាងសង់ រុះរើសំណង់ខុសច្បាប់ ហាមឃាត់ការទិញលក់ដីនិងផ្ទះគ្រប់ប្រភេទ និងមិនផ្តល់លិខិតគតិយុត្តផ្សេងៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាដាច់ខាត។

លើកឡើងក្នុងពេលចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្នុងឧទ្យានជាតិអង្គរសព្វថ្ងៃមានសំណង់ខុសច្បាប់ជាង ៨ពាន់ករណី។ លោកថា រយៈពេល៣ខែចុងក្រោយនេះ សំណង់ខុសច្បាប់ថ្មីកើតឡើងសរុប ៣៩៨ករណី ក្នុងនោះបានរុះរើចេញចំនួន ជាង ២០០ករណី។

ជាមួយគ្នានេះដែរ លោក ជា សុផារ៉ា ក៏បានព្រមានចាត់វិធានការច្បាប់ ចំពោះអ្នកចេញតវ៉ាការពារសំណង់ខុសច្បាប់ទាំងនេះផងដែរ។