កម្ពុជាបានកំណត់គោលដៅចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានយ៉ាងតិច ២លាននាក់ ត្រឹមឆ្នាំ២០២៨ ដើម្បីទទួលស្គាល់តួនាទី និងបើកឱកាសឱ្យពួកគាត់ទទួលបានកិច្ចគាំពារសង្គម ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសេវាហិរញ្ញវត្ថុផ្លូវការ។ គោលដៅនេះត្រូវបានបញ្ជាក់ដោយ លោករដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស ៥០០.០០០នាក់។

ថ្លែងក្នុងពិធីនោះ លោក ហែម វណ្ណឌី បានគូសបញ្ជាក់ពីសារៈសំខាន់នៃសមិទ្ធផលនេះថា «ការសម្រេចបានតួលេខ ៥០ម៉ឺននាក់ មិនមែនត្រឹមតែជាកំណត់ត្រាប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពបង្ហាញពីការផ្តល់តម្លៃ និងការទទួលស្គាល់ផ្លូវការរបស់រាជរដ្ឋាភិបាលចំពោះតួនាទី និងការលះបង់របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងសង្គម និងសេដ្ឋកិច្ចជាតិ»។
យោងតាមរបាយការណ៍គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CAM-IE) ដែលត្រូវបានដាក់ឱ្យដំណើរការកាលពីខែធ្នូ ឆ្នាំ២០២៤ បានទទួលសំណើចុះឈ្មោះសរុបចំនួន ៥៦៨.៥៨២សំណើ ក្នុងនោះមាន ៥៣២.២៤៧សំណើត្រូវបានអនុម័តរួចរាល់ និងកំពុងទទួលបានសំណើជាមធ្យមប្រមាណ ២.០០០សំណើក្នុងមួយថ្ងៃ។ ក្នុងចំណោមអ្នកស្នើសុំទាំងនោះ ប្រមាណ ៩៥% បានចុះឈ្មោះដោយខ្លួនឯង ដែលភាគច្រើនធ្វើឡើងតាមរយៈកម្មវិធីទូរសព្ទដៃ ដោយអ្នកចុះឈ្មោះទី ៥០ម៉ឺន គឺលោក ឌុន ថន ជាអាជីវករលក់ដូរនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ក្រោមយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣–២០២៨ រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធបានរៀបចំកញ្ចប់អត្ថប្រយោជន៍ជាបន្តបន្ទាប់ជូនអ្នកដែលបានចុះឈ្មោះ រួមមាន៖ ការសម្រួលឱ្យបុគ្គលស្វ័យនិយោជន៍អាចស្នើសុំចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), កញ្ចប់ធានារ៉ាប់រងដោយឥតគិតថ្លៃពីក្រុមហ៊ុន Manulife និង Phillip Capital Group, បណ្ណជំនាញតម្លៃ ១៥០ដុល្លារពីមូលនិធិអភិវឌ្ឍន៍ជំនាញ និងបណ្ណជំនួយតម្លៃ ១លានរៀលសម្រាប់ដំណោះស្រាយឌីជីថលពីកម្មវិធី Enterprises Go Digital, ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវិក្កយបត្រ BillFlow និងប្រព័ន្ធគ្រប់គ្រងការលក់ GoodVibes POS ដោយឥតគិតថ្លៃរយៈពេលមួយឆ្នាំពីក្រុមហ៊ុន Bill24, ការសម្រួលលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងការលើកទឹកចិត្តផ្នែកពន្ធដារជាដើម។
ទោះជាយ៉ាងណា លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានបន្ថែមថា សមិទ្ធផលលើស ៥០ម៉ឺននាក់នេះ គ្រាន់តែជាការចាប់ផ្តើមនៃដំណាក់កាលដំបូងប៉ុណ្ណោះ។ ក្នុងន័យនេះ លោកបានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន គ្រឹះស្ថានហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ បន្តពង្រឹងកិច្ចសហការ ពង្រីកការផ្សព្វផ្សាយ និងបង្កើតកញ្ចប់ឥណទានពិសេស ព្រមទាំងកម្មវិធីគាំទ្របច្ចេកទេស ដើម្បីជួយឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានជីវភាពកាន់តែប្រសើរ អាជីវកម្មកាន់តែរឹងមាំ និងទទួលបានឱកាសសេដ្ឋកិច្ចកាន់តែទូលំទូលាយ៕



