បណ្ឌិត សុខ ទូច លើកទឹកចិត្តឱ្យអ្នកជំនាន់មុន ត្រូវចេះបង្កើតវប្បធម៌បន្តវេនទៅកាន់អ្នកជំនាន់ក្រោយ

សង្គម​និង​សេដ្ឋកិច្ច

ប្រធានរាជបណ្ឌិតសភាកម្ពុជា បណ្ឌិត សុខ ទូច បានលើកឡើងថា ត្រូវហ៊ានសម្រួចឈើខ្លឹម កុំសម្រួចឈើពុក ត្រូវចេះបង្កើតវប្បធម៌បន្តវេនទៅកាន់អ្នកជំនាន់ក្រោយ។ លោកនិយាយបែបក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នាព្រឹកថ្ងៃទី៤ ខែសីហា ម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងអំពីសារៈសំខាន់នៃការពង្រឹងធនធានមនុស្សដើម្បីឆ្ពោះទៅកាន់ការអភិវឌ្ឍសង្គមជាតិកម្ពុជា។ លោកថា នៅក្នុងការអភិវឌ្ឍសង្គមជាតិមួយ ទាមទារជាចាំបាច់នូវធនធានមនុស្សដែលជាកត្តាមិនអាចខ្វះបានក្នុងជំរុញវឌ្ឍនភាពប្រទេស ស្របទៅនឹងបរិបទថ្មីនៃពិភពលោកក្នុងសម័យឧស្សាហកម្មទំនើប។

បណ្ឌិត សុខ ទូច ថ្លែងសង្កត់ធ្ងន់ថា «គេត្រូវតែហ៊ានសម្រួចឈើខ្លឹម កុំចូលចិត្តសម្រួចឈើពុក ប្រសិនបើខ្លួនអស់សមត្ថភាពហើយ ត្រូវផ្ដល់ឱកាសឱ្យទៅយុវជន »។

ដោយគូសបញ្ជាក់អំពីវប្បធម៌បន្តវេនពីអ្នកជំនាន់មុន ទៅកាន់អ្នកជំនាន់ក្រោយ បណ្ឌិត សុខ ទូច បានបកស្រាយបន្ថែមទៀតថា «ឈើខ្លឹមគឺសម្ដៅទៅលើអ្នកដែលមានចំណេះដឹងខ្ពស់ ហើយឈើខ្លឹមពិបាកសម្រួចណាស់ ព្រោះគេមានទស្សនៈរបស់គេ តែបើសម្រួចហើយ មិនងាយនឹងបាក់នោះទេ តែបើឈើពុក ទោះបីជាកាំបិតមុតយ៉ាងណាក៏ដោយ ក៏វាអត់ងាយស្រួចដែរ […]»។

បន្ថែមពីនេះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានបដិសេធមិនគាំទ្រនូវការលើកឡើងពីសំណាក់មជ្ឈដ្ឋានមួយចំនួន ដែលបានយកហេតុផលរយៈពេលបំពេញការងារអស់ជាច្រើនឆ្នាំ ធ្វើជារនាំងការពារការបន្តកាន់តំណែងរបស់ខ្លួន ប៉ុន្តែបែរជាមិនបានអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯងទៅវិញ ដែលត្រង់ចំណុចនេះត្រូវបានលោកចាត់ទុកថា គឺជាកំហុសឆ្គងមួយ។ ក្នុងន័យនេះដែរ លោកថា គេមិនអាចសន្មត់ថា មនុស្សដែលមានអាយុច្រើនជាង មានន័យថាមានចំណេះដឹងជ្រៅជ្រះជាងមនុស្សវ័យក្មេងនោះឡើយ។

ជាមួយគ្នានេះ បណ្ឌិត សុខ ទូច បានលើកទឹកចិត្តដល់អ្នកជំនាន់មុន ត្រូវចេះបង្កើតវប្បធម៌បន្តវេនទៅកាន់អ្នកជំនាន់ក្រោយ ដើម្បីធានានូវនិរន្តរភាពនៃការរីកចម្រើន ចៀសវាងការជាន់ដានប្រវត្តិសាស្ត្រក្នុងពេលអតីតកាល។ លោកលើកឡើងថា «[…] ត្រូវមានអ្នកបន្តវេន បើសិនយើងប្រកាន់បែបនេះ យើងនឹងជាន់ប្រវត្តិសាស្ត្ររបស់ខ្មែរយើង។ ជាន់យ៉ាងម៉េច? អង្គរវត្ត! អស់ពីជ័យវរ្ម័នទី៧ទៅ ស្រុកយើងទៅជាស្អី? គេហែកចែកគ្នា ដោយសារអី? ដោយសារយើងអត់ផ្ដល់ឱកាសឱ្យយុវជន »។

ទោះបីជាយ៉ាងណា លោកបណ្ឌិតលើកទឹកចិត្តយុវជនឱ្យចូលរួមនៅគ្រប់ឱកាស និងកម្មវិធីសិក្ខាសាលានានា ដែលខ្លួនអាចទទួលបាននូវចំណេះដឹងថ្មីដើម្បីទទួលបានការពង្រឹងជំនាញ និងចំណេះដឹងបន្ថែម ឆ្ពោះទៅការបង្កើនចំណូលទាំងសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ៕