ទិន្នន័យ Cirium៖ ឆ្នាំ២០២៥ កម្ពុជានឹងស្វាគមន៍ជើងហោះហើរជាង ៣ម៉ឺនលើក កើនឡើងជាង ១៤%

សង្គម​ និង​សេដ្ឋកិច្ច

លោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា យោងតាមក្រុមហ៊ុនវិភាគទិន្នន័យអាកាសចរណ៍ Cirium បានឱ្យដឹងថា ឆ្នាំ២០២៥ កម្ពុជានឹងស្វាគមន៍ជើងហោះហើរចំនួន ៣១៥៧៩ លើក កើនឡើង ១៤.២% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនវិភាគទិន្នន័យអាកាសចរណ៍មួយនេះ បានឱ្យដឹងទៀតថា កៅអីសម្រាប់អ្នកដំណើរដែលអាចប្រើបាន(Available guest seats)នឹងឡើងដល់ ៥,១៨២,៨៦៤ កន្លែង កើនឡើង ១៤.៧% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំទៅ។

លោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតចិនបានគូសបញ្ជាក់ថា តួលេខកំណើនជើងហោះហើរ និងកៅអីដ៏រឹងមាំនេះ បានបញ្ជាក់អំពីភាពរីកចម្រើនរបស់កម្ពុជាក្លាយជាគោលដៅទេសចរណ៍មួយចំណោមគោលដៅដទៃទៀតដែលប្រកបដោយកម្លាំងរស់រវើក និងសំទុះអភិវឌ្ឍន៍ខ្លាំងបំផុតនៅអាស៊ី។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ កម្ពុជាមានជើងហោះហើរសរុបចំនួន ៥៨ ៣៥៤ ជើង ដែលមានកំណើន១៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣ សរុបចំនួន ៥១ ១៤៩ ជើង។ ចំណែកជើងហោះហើររំលងមានសរុបចំនួន ៧១ ៦១៣ ជើង មានកំណើន ១៤% បើប្រៀប ធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣ ដែលទទួលបានជើងហោះហើរសរុបចំនួន ៦៣ ០៨៧ ជើង៕

គិតក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ប្រទេសកម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសសរុបចំនួន ១.៩៦ លាននាក់ កើនឡើង ១៩ ភាគរយ ធៀបនឹងរយៈពេលមួយឆ្នាំ។ អាកាសយានដ្ឋានរបស់ប្រទេសកម្ពុជាក៏បានកត់ត្រាការកើនឡើង ១០ ភាគរយនៃបរិមាណទំនិញតាមផ្លូវអាកាសដល់ ១៧,១៤៧ តោនផងដែរ។

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានព្យាករថា កម្ពុជានឹងទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួន ៧,៥ លាននាក់ក្នុងឆ្នាំ ២០២៥ ដែលនឹងកើនឡើង ២០ ភាគរយពី ៦,២៤ លាននាក់ក្នុងឆ្នាំ២០២៤៕