សំបុកត្រចៀកកាំកម្ពុជាអាចនឹងមានតម្លៃល្អជាងមុន ក្រោយកម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងនាំសំបុកត្រចៀកកាំដោយផ្ទាល់ទៅចិន

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសឱ្យអ្នកចិញ្ចឹមត្រចៀកកាំមកដាក់ពាក្យស្នើសុំ ដើម្បីត្រៀមនាំចេញទៅកាន់ទីផ្សារចិននាពេលឆាប់ៗខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម ស្តីពី នីតិវិធីនៃការដាក់ពាក្យស្នើសុំនាំចេញសំបុកត្រចៀកកាំទៅប្រទេសចិន កាលពីថ្ងៃទី១៦ ខែឧសភា បានប្រកាសដល់ម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំសម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ ក្រោយពិធីសារដើម្បីនាំចេញសំបុកត្រចៀកកាំពីកម្ពុជា ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា ជាមួយអគ្គរដ្ឋបាលគយចិន កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។

ជុំវិញរឿងនេះ លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរ បានឱ្យដឹងថា ត្រចៀកកាំខ្មែរមួយរយៈពេលចុងក្រោយនេះមានវឌ្ឍនភាពច្រើនចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយនឹងភាគីចិន ក្នុងការនាំសំបុកត្រចៀកកាំដោយផ្ទាល់ទៅកាន់ប្រទេសចិនទាំងកែច្នៃ និងមិនទាន់កែច្នៃ។

លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរ

លោកបន្តថា សេចក្តីប្រកាសរបស់ក្រសួងកសិកម្មទាក់ទងនឹងការចុះបញ្ជីទាំងអ្នកកែច្នៃ ទាំងអ្នកនាំចេញ ទាំងអ្នកចិញ្ចឹម ដែលមានបំណងក្នុងការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារចិនដោយផ្ទាល់ ខាងសមាគមក៏បានជំរុញក្នុងការផ្សព្វផ្សាយបន្ថែមទៅកាន់សមាជិកនៅក្នុងក្រុម ហើយក៏បានលើកទឹកចិត្តឱ្យសមាជិកបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ដើម្បីយើងសិក្សាក្នុងការចុះបញ្ជីនាំចេញទៅប្រទេសចិន។ ជាមួយគ្នានេះ សមាគមបានធ្វើការយ៉ាងជិតស្និទផងដែរជាមួយនឹងនាយកដ្ឋានសុខភាពសត្វ ដើម្បីធ្វើយ៉ាងណាអាចផ្សព្វផ្សាយឱ្យមានភាពទូលំទូលាយ និងផ្តល់វគ្គបណ្តុះបណ្តាលមួយចំនួន បើសិនមានតម្រូវការ ដើម្បីឱ្យអ្នកអភិរក្សត្រចៀកកាំ និងអ្នកកែច្នៃបានយល់ច្បាស់ពីស្តង់ដារតម្រូវរបស់ប្រទេសចិន។

បើតាមលោក ស៊ុយ កុកធាន «តាមរយៈកិច្ចព្រមព្រៀងដែលបានចុះដោយភាគីនៃប្រទេសទាំងពីរ លោកសង្ឈឹមថា សំបុកត្រចៀកកាំកម្ពុជានឹងអាចមានតម្លៃល្អជាងមុន ហើយនឹងអាចនាំចេញដោយរលូន ពីព្រោះមិនឆ្លងកាត់ប្រទេសណាមួយឬឈ្មួញកណ្តាលណាមួយទេ គឺយើងនាំចេញដោយផ្ទាល់»។

ដោយឡែកសម្រាប់ទីផ្សារសំបុកត្រចៀកកាំ លោកហាក់មិនមានការបារម្ភនោះទេ ព្រោះប្រទេសកម្ពុជាផ្គត់ផ្គង់តម្រូវការខេត្តមួយរបស់ចិនមិនគ្រប់ផង ព្រោះនៅចិនគឺមានការប្រើប្រាស់ច្រើនមែនទែន មិនមានប្រទេសណាប្រើប្រាស់ដូចប្រទេសចិននោះទេ។ ដូច្នេះ យើងមិនបារម្ភរឿងទីផ្សារនោះឡើយ នៅពេលណាយើងសម្រមសម្រួលការនាំចេញដោយរលូនហើយគឺមិនពិបាកទេរឿងទីផ្សារមានតែខ្វះផលិតផលក្នុងការផ្គត់ផ្គង់។

បើតាមប្រធានសមាគមត្រចៀកកាំខ្មែរខាងលើបានបញ្ជក់ថា នាពេលបច្ចុប្បន្ននេះតម្លៃសំបុកត្រចៀកកាំវិញលើទីផ្សារកម្ពុជាមិនទាន់កែច្នៃមានតម្លៃចន្លោះពី ៣០០ទៅ៤៥០ដុល្លារ អាស្រ័យទៅលើគុណភាព ការជ្រើសរើស ការបែងចែកថ្នាក់របស់សំបុក ចំណែកសំបុកដែលកែច្នៃហើយអាចមានតម្លៃចាប់ពី៨០០ រហូតដល់ទៅ១៥០០ដុល្លារ ក្នុងមួយគីឡូ អាស្រ័យលើការច្នៃ៕