ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តេចធិបតី បានណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទបូរាណខ្មែរទាំង៣ គឺ ប្រាសាទព្រះវិហារ ប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ សម្រាប់ពលរដ្ឋទស្សនាអំឡុងបុណ្យអ៊ុំទូក។នេះបើយោងតាមសេចក្តីប្រកាសស្តីពី លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។

នៅក្នុងសេចក្តីប្រកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទបូរាណខ្មែរទាំង៣ គឺ ប្រាសាទព្រះវិហារ ប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ ដែលត្រូវបានដាក់តាំងបង្ហាញ នៅសួនមុខវត្តបទុមវតី ក្នុងរាជធានីភ្នំពេញ នាឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ទៀតថា បើទោះបីជាព្រះរាជពិធី បុណ្យអុំទូកឆ្នាំនេះ ត្រូវបានផ្អាកនៅរាជធានីភ្នំពេញក៏ដោយ ក៏ថ្ងៃឈប់សម្រាករយៈពេល៣ថ្ងៃ នៅតែរក្សាដដែល។ ដូច្នេះ ប្រជាពលរដ្ឋមានឱកាសទៅទស្សនានៅទីនោះជាមិនខាន។

ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី នេះដែរ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការសាទរ និងគាំទ្រចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។ ជោគជ័យនេះ បានបង្ហាញពីប្រសិទ្ធភាព និង សមត្ថភាពការទូតរបស់កម្ពុជា ក្នុងការសម្របសម្រួលរៀបចំព្រឹត្តិការណ៍ធំៗបែបនេះបានយ៉ាងល្អ ខណៈដែល ការចំណាយថវិកាគឺតិចតួចបំផុត។ សម្តេចធិបតី ចាត់ទុកជោគជ័យនេះថាជាការបង្ហាញឱ្យពិភពលោកបានឃើញថា កម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញដែលអនុញ្ញាតឱ្យភ្ញៀវបរទេស ជាពិសេស ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេសនានាអាចដើរកម្សាន្តយ៉ាងសប្បាយរីករាយ ដោយគ្មានការព្រួយបារម្ភទាំងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តនានា មិនថាពេលយប់ឬពេលថ្ងៃឡើយ។ នេះជាសារដ៏សំខាន់មួយប្រកបដោយភាពវិជ្ជមានពីកម្ពុជាទៅកាន់ពិភពលោក៕ អត្ថបទ៖ហ្សាលីន




